កោះស៊ូម៉ាត្រា៖ គិតទៅជីវិតមនុស្សពិតជាផុយស្រួយ និងមើលមិនឃើញមែន ហាក់ដូចជាភាពចៃដន្យ ឬជាវាសនាកំណត់ឱ្យពួកគេត្រូវឈានដល់ទីអវសាននៃជីវិតត្រឹមពេលនេះ។ ក្រុមអ្នកទេសចររាប់សិបនាក់ពុំដែលនឹកស្មានថាជីវិតរបស់ពួកគេយ៉ាងតិច២២នាក់ត្រូវបញ្ចប់នៅពេលពួកគេឡើងទៅលើភ្នំភ្លើងមេរ៉ាពី (Merapi)។ ដោយគ្មានបញ្ចេញសញ្ញាព្រមានអ្វីទាំងអស់ ភ្នំភ្លើងស្រាប់តែផ្ទុះឡើងកក្រើកព្រះធរណី និងព្រួសផេះ និងកម្អែពេញផ្ទៃអាកាស។
ស្ថិតនៅលើភ្នំភ្លើងដ៏ធំល្វឹងល្វើយកម្ពស់ជិត៣គីឡូម៉ែត្រ ពួកអ្នកឡើងភ្នំទាំងនោះមិនអាចជម្លៀសខ្លួនទាន់ពេលវេលាបានឡើយ។ ខុសពីការរត់ចេញពីទីកន្លែងតូចៗ ឧទាហរណ៍ មានហេតុការណ៍ឆេះហ្គាសនៅក្នុងផ្ទះថ្ម គេអាចជម្លៀសខ្លួនដោយសុវត្ថិភាពនៅក្នុងរយៈពេលតិចជាង១នាទី។ ប៉ុន្តែនៅលើភ្នំភ្លើងនេះគេត្រូវការពេលជាច្រើនម៉ោងទម្រាំចុះទៅដល់ជើងភ្នំ។
គិតត្រឹមល្ងាចថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពជនរងគ្រោះ៩នាក់ថែមទៀត បន្ទាប់ពីពួកគេផ្អាកសកម្មភាពស្វែងរកមួយរយៈដោយសារមានផ្សែង និងផេះហុយចេញពីមាត់ភ្នំភ្លើងហោះហើរពេញផ្ទៃអាកាស រកមើលអ្វីក៏មិនឃើញ។ ភ្នំមេរ៉ាដែលស្ថិតនៅលើកោះស៊ូម៉ាត្រានោះនៅសុខៗស្រាប់តែព្រួសផេះទៅក្នុងអាកាសកម្ពស់បីគីឡូម៉ែត្រកាលពីថ្ងៃអាទិត្យ។
ក្រុមអ្នកជួយសង្គ្រោះបន្តការងាររបស់ខ្លួនអស់ប៉ុន្មានថ្ងៃមកហើយ សង្ឃឹមថាអាចរកឃើញអ្នកឡើងភ្នំបាត់ខ្លួនចំនួន១០នាក់។ ប៉ុន្តែគួរឱ្យស្ដាយ គេអាចរកឃើញត្រឹមតែសាកសពរបស់ពួកគេប៉ុណ្ណោះ។ នៅសល់ម្នាក់ទៀតមិនដឹងថានៅរស់ ឬស្លាប់ទេ។ នៅពេលភ្នំចាប់ផ្ដើមផ្ទុះគេគិតថាមានមនុស្ស៧៥នាក់នៅលើនោះ។ ទោះបីអ្នកខ្លះមានសំណាងអាចរួចផុតជីវិតពីហេតុការណ៍នេះ ប៉ុន្តែពួកគេរត់គេចខ្លួនទាំងប្រផុតប្រផើយ។ អ្នកខ្លះប៉ះត្រូវកម្អែភ្នំភ្លើង និងកម្ទេចផេះបណ្ដាលឱ្យរលាកពេញខ្លួន។
អ្នកនៅរស់ម្នាក់ប្រាប់ថាភ្នំភ្លើងបញ្ចេញសំឡេងផ្ទុះយ៉ាងខ្លាំង។ អ្នកឡើងភ្នំប្រញាប់រត់ចេញយ៉ាងប្រសាច។ អ្នកខ្លះហក់ចុះពីទីខ្ពស់ៗ ឬរមៀលខ្លួនចុះពីលើភ្នំ។ រូបគាត់ផ្ទាល់រត់ទៅលាក់ខ្លួននៅពីក្រោយផ្ទាំងថ្ម។ រហូតដល់យប់ថ្ងៃអង្គារទៅហើយ មានភ្លៀងធ្លាក់មកធ្វើឱ្យមានសភាពងងឹត និងបង្កបញ្ហាលំបាកសម្រាប់ក្រុមអ្នកជួយសង្គ្រោះដែលមានគ្នាប្រមាណ២រយនាក់។
អ្នកភ្នំភ្លើងវិទ្យាព្រមានថាភ្នំភ្លើងឈ្មោះមេរ៉ាពីនេះមើលស្រាលមិនបានទេព្រោះវានៅតែមានសកម្មភាពរស់រវើក ហើយអាចនឹងផ្ទុះយ៉ាងពេញទំហឹងដោយឥតមានឱ្យមានសញ្ញាទុកជាមុនទេ។ អាជ្ញាធរបានដំឡើងឧបករណ៍ប្រកាសអាសន្នតាំងពីឆ្នាំ២០១១ និងដាក់ផ្លាកសញ្ញាឱ្យមនុស្សរក្សាគំលាតយ៉ាងតិច៣គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។ គួរឱ្យស្ដាយ អ្នកខ្លះឡើងទៅកៀកនឹងមាត់ភ្នំភ្លើង។ អាជ្ញាធរថ្លែងថាពេលខ្លះគេរកឃើញសាកសពជនរងគ្រោះស្ថិតនៅចម្ងាយត្រឹមតែ១,៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។
ជនរងគ្រោះខ្លះរលាកខ្លាំងពេកដល់ថ្នាក់ចំណាំភិនភាគលែងបាន។ ក្រុមអ្នកធ្វើកោសល្យវិច័យត្រូវពិនិត្យឌីអឹនអេ និងស្នាមមេដៃដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេ។ អាជ្ញាធរថ្លែងថាក្រុមអ្នកឡើងភ្នំបានចុះឈ្មោះតាមអនឡាញដើម្បីធ្វើដំណើរកម្សាន្តនៅលើភ្នំភ្លើង។ អ្នកដទៃទៀតទំនងជាឡើងភ្នំដោយគ្មានច្បាប់អនុញ្ញាតព្រោះពួកគេប្រើប្រាស់ច្រករបៀង។ ក្រុមអ្នកជួយសង្គ្រោះគិតថាទម្រាំអាចរកឃើញជនរងគ្រោះគ្រប់ចំនួន គេប្រហែលជាត្រូវការពេលវេលារហូតដល់មួយសប្ដាហ៍៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/indonesia-volcano-mount-marapi-death-toll-rises-3967021





ចែករំលែកព័តមាននេះ