ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ជាតិបែកក្បាលផ្នែកខាងឆ្វេង ។ សមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២១ ឧសភា នៅចំណុចទល់មុខហាងខារ៉ាអូខេយីហោស្រីនាថ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនរងគ្រោះឈ្មោះជ័យ សារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញ មានទីលំនៅក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ចំណែកអ្នកបង្កហេតុតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ឈ្មោះទេព សុភាព អាយុ៣០ឆ្នាំ ភេទប្រុស ជាបុគ្គលិកបំរើការនៅសណ្ឋាគារមួយ មានទីលំនៅក្នុងក្រុមទី២១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះរួមនឹងមិត្តភក្តិ៤ទៅ៥នាក់អង្គុយផឹកស្រាបៀរក្នុងហាងមួយក្បែរកន្លែងកើតហេតុ។ ជនរងគ្រោះបានងើបចេញពីតុឆ្លងថ្នល់នៅរកកន្លែងបត់ជើងតូច លុះឆ្លងថ្នល់ត្រឡប់មកវិញដល់ចិញ្ចើមថ្នល់មុខហាងស្រាប់តែម៉ូតូហុងដាសេ១២៥ ស៊េរី២០០៧ ពាក់ស្លាកលេខក្រ-ព្រះសីហនុ១A២០០៤ ពណ៌ខ្មៅបើកពីកើតទៅលិចឆ្ពោះទៅវិថីឯករាជ្យក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឱ្យសន្លប់ និងបែកក្បាល។ ឃើញដូច្នេះម្ចាស់ហាងរួមទាំងប្រជាពលរដ្ឋជួយយកជនរងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជនក្នុងក្រុងព្រះសីហនុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុថា ជនបង្កហេតុពុំមានរងរបួសទេ ហើយបានទូរស័ព្ទហៅក្រុមយុវជនស្ទាវៗប្រមាណជាង១០នាក់ ទៅកាន់កន្លែងកើតហេតុបញ្ចេញអត្តចរិតជាបងធំប្រចាំផ្សាររាត្រីនៅចំណុចរង្វង់មូលតោ២។ ជនបង្កហេតុប្រាប់បក្សពួកថា មានអ្នកស្ទាក់ផ្លូវវាយរូបគេក្នុងគោលបំណងអ្វីមួយ។ ទោះជាយ៉ាងណាក្តីដោយមានការពន្យល់ពីប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចជំនាញថា វាជាករណីគ្រោះថ្នាក់ចរាចរណ៍ទើបក្រុមយុវជនទាំងនោះបែកគ្នារៀងៗខ្លួន។
ដោយឡែកជនបង្កគ្រោះថ្នាក់បានឱ្យមិត្តភក្តិមួយចំនួនទៀតជិះម៉ូតូជូនទៅរករឿងសាច់ញាតិរបស់ជនរងគ្រោះនៅឯគ្លីនិកឯកជនដោយពោលពាក្យអសុរោះ គ្មានសុជីវធម៌ ប៉ុន្តែគ្រួសារជនរងគ្រោះបានអត់ធ្មត់ និងបញ្ជាក់ឱ្យដឹងថា ទុកឱ្យស្ថាប័នជំនាញចាត់ការទៅតាមច្បាប់។ ទាក់ទិននឹងហេតុការណ៍នេះមិនទាន់ទទួលបានការអះអាងពីមន្ត្រីសមត្ថកិច្ចទេ ៕
ចែករំលែកព័តមាននេះ