រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិបង់ក្លាដែស និងនេប៉ាល់ សរុបចំនួន១២នាក់ទៅកាន់សាលាដំបូង ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំ.ង និងបង្ខាំ.ងមនុស្ស ក្នុងគោលបំណងជំរិ.តយកប្រាក់ ដើម្បីស្ថាប័នអយ្យការបើកការស៊ើបសួរ និងសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ ។

ជនសង្ស័យទាំង១២នាក់នេះ មានជនជាតិបង់ក្លាដែស ចំនួន១០នាក់ និងនេប៉ាល់ ចំនួន២នាក់ ៖
១- ឈ្មោះ MD MIZANUR RAHMAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិបង់ក្លាដែស មុខរបរជាងលាបថ្នាំ ។

២- ឈ្មោះ MD MOSLIEM UDIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិបង់ក្លាដែស មុខរបរបើកបររថយន្ត។
៣- ឈ្មោះ MOHAMMAD SHARIF ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិបង់ក្លាដែស ជាវិស្វករ ។
៤- ឈ្មោះ MOHAMMAD JOWEL ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដែស មុខរបរចុងភៅ ។
៥- ឈ្មោះ SANJAY KUMAR RAJBANSHI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិនេប៉ាល់ ។
៦- ឈ្មោះ FAY SALMIA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិបង់ក្លាដែស ។

៧- ឈ្មោះ SHYAN KUMAR GURUNG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិបង់ក្លាដែស ។
៨- ឈ្មោះ A LOAR ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិបង់ក្លាដែស ។
៩- ឈ្មោះ MD SUVO SKHTE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបង់ក្លាដែស ។
១០- ឈ្មោះ GO KARNA BOMJAN ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនេប៉ាល់ ។
១១- ឈ្មោះ MOHIDUL ISLAM TONY ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិបង់ក្លាដែស ។
១២ -ឈ្មោះ SHOUYAB ISLAM ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិបង់ក្លាដែស ។

សំណុំរឿងខាងលើនេះ បាននិងកំពុងស្ថិតនៅលើលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។
សូមរំឭកថា កាលពីវេលាម៉ោងប្រមាណ១២និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មានករណីផ្ទុះអាវុ.ធជាច្រើនគ្រា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។ ពេលនោះ គេឃើញវត្តមានកងកម្លាំងអាវុធហត្ថបំពាក់ដោយអាវក្រោះជាច្រើននាក់ ធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យជាច្រើននាក់ទៀត ស្ថិតនៅផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា គេបានឮសំឡេងឆ្កែព្រុស
និងមានមនុស្សស្រែកឆោឡោខ្លាំងៗ ។ បន្ទាប់មក ឃើញវត្តមានសមត្ថកិច្ចមួយក្រុមប្រដាប់ដោយអាវុ.ធគ្រប់ដៃ ជាមួយនឹងឯកសណ្ឋានជាកងកម្លាំងអាវុធហត្ថ រួមទាំងមានពាក់អាវក្រោះផង ជិះរថយន្តមកធ្វើការឡោមព័ទ្ធទីតាំងដីឡូតិ៍ក្បែរផ្ទះវីឡាមួយកន្លែងនោះ ។

អ្នកឃើញហេតុការណ៍និយាយថា បន្ទាប់ពីឮសំឡេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែឮសំឡេងបា.ញ់កាំភ្លើ.ងចំនួន៧គ្រា.ប់ទៅ៨គ្រា.ប់ ។ គាត់សង្ស័យថា ទំនងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច ដែលសមត្ថកិច្ចដេញតាមចាប់រុញឡើងទៅលើរថយន្ត ។

បន្ទាប់មកទៀត គេឃើញមានវត្តមានអ្នកយកព័ត៌មានទៅដល់ចំណុចខាងលើ ព្រមទាំងផ្តិតរូបភាព និងឃើញកម្លាំងអាវុធហត្ថឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលមានជនជាតិបង់ក្លាដែស១០នាក់ នេប៉ាល់២នាក់ និងនារីខ្មែរម្នាក់ជាអ្នកម៉ាស្សា សរុប១៣នាក់ ។

ពួកគេទាំងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំ.ង និងបង្ខាំ.ងមនុស្ស ។

នៅក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានធ្វើការរំដោះជនរងគ្រោះចំនួន២នាក់ ដែលជាជន
ជាតិបង់ក្លាដែស បន្ទាប់ពីទទួលបានដំណឹងតាមទូរស័ព្ទ ដែលជនរងគ្រោះប្តឹងសុំជំនួយអន្តរាគមន៍
តាមរយៈប្រព័ន្ធ HOT LINE 1291 របស់កងរាជអាវុធហត្ថ ។ ជនរងគ្រោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅសាកសួរ នៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
គួររំលឹកទៀតថា ៖ សមត្ថកិច្ចផ្ទុះអាវុ.ធ ខណៈចុះឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង និងឃាត់មនុស្សជាច្រើននាក់ ៕
ចែករំលែកព័តមាននេះ