ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៣ ឧសភា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានធ្វើពិធីត្រួតពិនិត្យកងកំលាំងអនុសេនាធំប្រចាំខេត្ត រួមទាំងត្រួតពិនិត្យសព្វាវុធដើម្បីត្រៀមបំរើសមរភូមិមុខនាពេលខាងមុខនេះ។ ការត្រួតពិនិត្យកំលាំងនេះដឹកនាំដោយលោកវរសេនីយ៍ទោរៀល ពិសិដ្ឋ ជាប្រធានក្រុមរបស់កងកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថតាមអង្គភាពជំនាញច្រើនទៀតចូលរួមត្រួតពិនិត្យ។
លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថា កងកំលាំងត្រៀមបំរុងទៅផ្លាស់ប្តូរកំលាំងនៅសមរភូមិជួរមុខរបស់កងរាជអាវុធហត្ថខេត្តត្រូវបានត្រៀមបំរុងជាស្រេចគ្រប់គ្រាន់មួយកងអនុសេនាធំប្រយុទ្ធដែលមានកំលាំងសរុប១៤៧នាក់មានថ្នាក់ដឹកនាំ ក្រុមពេទ្យសំភារគ្រប់គ្រាន់ដូចជាអាវុធធុនធ្ងន់ ធុនស្វ័យប្រវត្តិ កាំភ្លើងដៃដែលសុទ្ធតែមានការដុសលៀងត្រៀមជាប់ជានិច្ច និងមានការអប់រំខ្ពស់ពីប្រធានជំនួយការបំរើការប្រយុទ្ធ។
លោកវរសេនីយ៍ទោ រៀល ពិសិដ្ឋ ឱ្យដឹងថា វត្តមានកំលាំងកងរាជអាវុធហត្ថខេត្តមានគ្រប់ចំនួនពេញមួយកងអនុសេនាធំ រួមទាំងប្រធាន អនុប្រធានសេនាធិការ រួមទាំងអាវុធធុនធ្ងន់ ធុនស្វ័យប្រវត្តិ ថ្នាំពេទ្យ ស្បៀងអាហារគ្រប់គ្រាន់។ លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន ថ្លែងថា កងកំលាំងមានគ្រប់ពេញល្អ រួមទាំងសព្វាវុធសំភារត្រៀមជានិច្ចដើម្បីត្រៀមតាមតម្រូវការ។ ការរៀបចំត្រៀមបំរុងនេះក៏ត្រូវការចំនួនទ័ពរបស់ខេត្តបូក នឹង«គ»ចល័តរបស់ផ្ទៃប្រទេសផងដែរ ៕
ចែករំលែកព័តមាននេះ