ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីកសិកម្មឃុំ ដែលត្រូវជ្រើសរើស ២៥០នាក់ នៅឆ្នាំ២០២៣ នេះ

4 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ៖ មន្ត្រីកសិកម្មឃុំ ដែលត្រូវ​ជ្រើសរើស តាមរយៈការប្រឡង​ប្រជែង ក្រោមភាព​ពាក្យ «អ្នកចេះគឺជាប់» ចំនួន ២៥០នាក់ ក្នុងចំណោម ១ម៉ឺននាក់…

​រាជធានីភ្នំពេញ៖ មន្ត្រីកសិកម្មឃុំ ដែលត្រូវ​ជ្រើសរើស តាមរយៈការប្រឡង​ប្រជែង ក្រោមភាព​ពាក្យ «អ្នកចេះគឺជាប់» ចំនួន ២៥០នាក់ ក្នុងចំណោម ១ម៉ឺននាក់ នឹងត្រូវ​យកចិត្តទុកដាក់ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈប្រាក់ខែ និងប្រាប់ឧបត្ថម្ភ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើស​រើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទ​រដ្ឋបាល​ លោក​ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយ និងការទទួល​ពាក្យសុំចូលប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា មានបេក្ខជនដាក់ពាក្យចូលរួម ចំនួន ១២ ៧៤៤នាក់ ហើយអ្នកដែលបានបំពេញបែបបទ និងគ្រប់លក្ខខណ្ឌ ដែលបានវាយតម្លៃត្រឹមត្រូវ អាចចូលរួមប្រឡងប្រជែង​បាន មានចំនួន ៣៣២៩នាក់។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់ថា បេក្ខជនទាំង ៣៣២៩នាក់នេះ បានបង់ប្រាក់តម្កល់រួចរាល់​អស់ហើយ និងត្រៀមប្រឡងប្រជែង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី បានពន្យល់ថា អ្នកដាក់ពាក្យមានច្រើន តែមិន ត្រូវនឹងលក្ខខណ្ឌដែលតម្រូវ ដូចជាបេក្ខជនខ្លះមានអាស័យដ្ឋានមិនសមស្រប ទៅនឹងតាំងដែលបានដាក់ពាក្យបម្រើការងារ និងខ្លះទៀតមានជំនាញមិនត្រូវលក្ខខណ្ឌតម្រូវ ជាដើម។

លោក​រដ្ឋមន្ត្រី លើកឡើងថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំទាំង ២៥០រូបនេះ មានការចូលរួម​ពីក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

លោក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ប្រកាន់យកនូវពាក្យស្លាក «អ្នកចេះ គឺជាប់» ដូចគ្នានឹងការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ផងដែរ។

ក្នុងសន្និសី​ទសារព័ត៌មាន លោក​បានលើកឡើងថា មន្ត្រីដែលជាប់នឹងរៀបចំលើកទឹកចិត្តផងដែរ ក្នុងទទួលបានប្រាក់ខែ និងប្រាក់ឧត្ថម្ភបន្ថែមផងដែរ។

ចំណែកលោក​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ក្នុងការ​ប្រឡង​ប្រជែងជ្រើសរើសមន្រ្តីកសិកម្ម ក្រសួងចង់ឱ្យអ្នកនៅមូលដ្ឋានឃុំ ហើយមានជំនាញ​កសិកម្ម ដាក់ពាក្យប្រឡងប្រជែង ធ្វើជាមន្រ្តីកសិកម្មប្រចាំឃុំរ​បស់ខ្លួនផ្ទាល់តែម្តង ដើម្បីអាចបំពេញការងារបានយូរ ដោយការស្រឡាញ់ ជាជាងអ្នកពីខេត្តផ្សេង ទៅបំពេញ ដែលមិនបានស្គាល់ភូមិសាស្រ្ត។

លោក​បានលើកឡើងថា ក្នុងកាលៈទេសៈនេះ អាចនឹងមានអ្នកចង់ធ្វើជាមន្រ្តីរាជការ ឬមន្រ្តី​កសិកម្ម​ច្រើន ប៉ុន្តែពេលទៅធ្វើការ នៅក្នុងឃុំណាមួយ ជាក់ស្តែង មានភាពលំបាក ឬមិនអាចតស៊ូបា​ន នោះនឹងធ្វើឱ្យពួកគេ ងាយឱ្យពួកគេបោះបង់ និងលាលែងចេញការងារមួយនេះ។ ហេតុនេះហើយ ក្រសួងកសិកម្ម ជំរុញ និងលើកទឹកចិត្ត ដល់អ្នកនៅក្នុងមូលដ្ឋានឃុំនោះ ដាក់ពាក្យប្រឡងប្រជែង ក្នុងការជ្រើសរើសនេះ ព្រោះពួកគាត់ បានដឹងភូមិសាស្រ្តភូមិឃុំរ​បស់ខ្លួនច្បាស់លាស់ ព្រមទាំងស្រលាញ់ និងចង់អភិវឌ្ឍន៍ឃុំរបស់ខ្លួន ឱ្យរីកចម្រើន ជាជាងឱ្យអ្នក ដែលទៅពីខេត្តផ្សេង ឬពីភ្នំពេញ ទៅកាន់ការងារ ដែលមិនស្គាល់អ្វីសោះពីឃុំនោះ។

លោក​បានគូសបញ្ជាក់ថា « រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងក្រសួងមុខងារ​សាធារណៈ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីមូលដ្ឋានឃុំ ដែលមន្រ្តីកសិកម្មថ្មីទាំងនោះ នឹងត្រូវទៅបំពេញការងារ ដើម្បីឱ្យពួកគេសម្រេច ចិត្តឱ្យបានច្បាស់លាស់»។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា «ជាទូទៅយើងចង់ឱ្យមានអ្នកជើងជាប់ដីនៅឃុំហ្នឹង ស្គាល់ឃុំហ្នឹង ស្រលាញ់ឃុំហ្នឹង គាត់ទៅឃុំហ្នឹង វាប្រាកដជានៅបានយូរ ជាងអ្នកថ្មី ទៅពីភ្នំពេញ ឬពីខេត្តមួយផ្សេង ស្រាប់តែទៅនៅឃុំដាច់ស្រយាល ដែលគាត់មិនដែលដឹ​ងពីស្ថានភាព ភូមិសាស្រ្តអីសោះ ក៏ជាការលំបាកដែរ។ អ៊ីចឹងនៅក្នុងការផ្សព្វផ្សាយរបស់យើង យើងបាន​កំណត់ហើយ ១៧ខេត្ត ប៉ុន្មានស្រុក​ឃុំណាខ្លះ ហើយគាត់ចាប់អារម្មណ៍ នៅខេត្តណា នៅឃុំស្រុកណា គឺគាត់ដាក់បាន»។

​រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងបានកំណត់ឃុំ ១៥៥២ គឺ​ជា​ឃុំ ដែលមា​នសក​ម្មភាព​កសិកម្ម ដោយគ្រោងជ្រើសរើសមន្រ្តីប្រមាណ ១៦០០នាក់។ ក្នុងដំណាក់កា​លទី១នេះ នឹងជ្រើសរើស​ចំនួន ២៥០នាក់ ដាក់ពង្រាយ នៅឃុំចំនួន ២៥០ ក្នុងខេត្តចំនួន ១៧។

លោក​ក៏បានលើកឡើងបន្តថា មន្រ្តីកសិកម្មឃុំ ត្រូវសហការជាមួយ​មន្ដ្រី នៅមូលដ្ឋានទាំងអស់ រួមមាន អាជ្ញាធរឃុំសង្កាត់ មន្រ្តីកសិកម្មស្រុក ឬមន្ទីរកសិក​ម្ម នៅតាមខេត្តនីមួយៗ ដើម្បីក្ដាប់​ព័ត៌មានឲ្យបានគ្រប់ ហើយដោះស្រាយបញ្ហាភ្លាមៗ ឱ្យទាន់ពេលវេលាជូនពលរដ្ឋ។

សូមជម្រាបថា បើយោងតាមសេចក្តីប្រកាសរបស់ក្រសួង ការជ្រើសរើសមន្ត្រី នៅឆ្នាំ​២០២៣ សម្រាប់ខេត្តអាទិភាព ទាំង ១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ