ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ៖ គ្រប់គោលនយោបាយរបស់​រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់សិទ្ធិមនុស្ស​នៅកម្ពុជា

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ដើម្បីបង្ហាញជំហរឲ្យគ្រប់ភាគី បានដឹងច្បាស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជាជានិច្ច។…

រាជធានីភ្នំពេញ៖ ដើម្បីបង្ហាញជំហរឲ្យគ្រប់ភាគី បានដឹងច្បាស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជាជានិច្ច។

​តាមបណ្តាញសង្គមតេឡេក្រាម លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនា ស្តីពី សិទ្ធិមនុស្សនៅកម្ពុជា៖ បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅ​មុខ» ធ្វើឡើង នៅឯសណ្ឋាគារ Raffles Hotel Le Royalបានរំលេចអំពីកម្មវិធី​នយោបាយ​អាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបាន​ប្រកាស​ដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយគាំពា​រពលរដ្ឋក្រីក្រ និងងាយរងហានីភ័យ ដើម្បីឱ្យពួកគាត់មានជីវភាពធូរធា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់។ នេះហើយជាការលើក​កម្ពស់សិទ្ធិមនុស្ស​ពិតប្រាកដ។

លោក​បញ្ជាក់ទៀតថា តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់​បញ្ចកោណ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

ជាមួយគ្នានោះដែរ ​អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានគូសរំលេចអំពីការយកចិត្តទុកដាក់របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយ​ទទួលយកសំណូមពរ​របស់ពួកគេ ទៅដោះស្រាយគ្រប់បញ្ហាមិនថា សំណូមពរនោះធ្វើឡើង តាមហ្វេសប៊ុក តាមការដាក់លិខិត ឬតាមវេទិកាសាធារណៈនានានោះឡើយ។

ជាចុងក្រោយ លោក ប៉ែន បូណា សំណូមពរឱ្យអង្គការសង្គមស៊ីវិលនានា វាយតម្លៃស្ថានការណ៍​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ឬសេរីភាពសារ​ព័ត៌មាននៅកម្ពុជា ដោយផ្អែកលើបរិបទកម្ពុជា គឺមិនមែនយកស្តង់ដារលោកខាងលិច មកធ្វើជាខ្នាតវាស់នោះឡើយ។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដោយមានការ​គាំទ្រពី​គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣។

កិច្ចសន្ទនានេះ មានការចូលរួមពីវាគ្មិនប្រមាណជា ៥០ រូប តំណាងទីភ្នាក់ងាររាជរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងតំណាងយុវជន ជាដើម៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ