ខេត្តបាត់ដំបង ៖ សាកសពបុរសម្នាក់ដែលមានសភាពហើមស្អុយទៅហើយ ត្រូវបានសាច់ញាតិដើររកឃើញ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ០៣ ធ្នូ នៅកណ្ដាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ដែលមានស្នាមវាយផុងលលាដ៏ក្បាលជាច្រើនកន្លែង ដែលគេសង្ស័យជាអំពើឃាតកម្ម ក្រោយពីចេញបូមទឹកដាក់ស្រែ ហើយបាត់ដំណឹងបីថ្ងៃ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ សាកសពបុរសនេះ ត្រូវបានក្រុមគ្រួសារដើររកឃើញដេកស្លាប់នៅកណ្ដាលស្រែ ដែលមានសភាពហើមស្អុយទៅហើយ ក្រោយចេញពីផ្ទះហើយថា ទៅបូមទឹកស្រែក៏បាត់បាត់ដំណឹងរហូត លុះបីថ្ងៃក្រោយស្រាប់តែគេរកឃើញក្លាយជាសាកសពនៅកណ្ដាលស្រែ។
ពាក់ព័ន្ធករណីនេះ បើតាមសមត្ថកិច្ចបានប្រាប់ថា ក្រោយបាត់ដំណឹងមួយថ្ងៃ មិនឃើញប្ដីត្រឡប់មកផ្ទះ ថែមទាំងបងប្អូនដើររកមិនឃើញ ប្រពន្ធជនរងគ្រោះ ក៏បានទៅប្ដឹងសមត្ថកិច្ចឲ្យជួយស្វែងរក ក្រែងមានដំណឹងពីប្ដឹរបស់គាត់ តែពុំមានតម្រុយឡើយ លុះពេលរកឃើញបែជាត្រូវគេសម្លាប់ចោលនៅកណ្ដាលស្រែ។
ប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ស្វាមីគាត់បានចេញពីផ្ទះនៅម៉ោងប្រហែលជាង៨យប់ថ្ងៃទី ៣០ វិច្ឆិកា កន្លងទៅថ្មីនេះ ដោយប្រាប់គាត់ថា «ទៅបូមទឹកដាក់ស្រែ ហើយស្នាក់នៅនឹងខ្ទមស្រែតែម្ដង»។ គាត់បាននិយាយថា ពេលចេញទៅក៏បាត់ដំណឹង រហូតដល់ព្រឹកឡើងថ្ងៃទី ០១ ធ្នូ ក៏មិនឃើញត្រឡប់មកផ្ទះ បងប្អូនដើររកក៏មិនឃើញ ទើបគាត់សម្រេចចិត្តទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ជួយស្វែងរក រហូតដល់ព្រឹកថ្ងៃទី ០៣ ធ្នូ ក៏ស្រាប់តែប្រទះឃើញប្ដីគាត់ដេកស្លាប់នៅកណ្ដាលស្រែយ៉ាងរន្ធត់ ដែលត្រូវគេសម្លាប់ដោយពុំដឹងមូលហេតុ។

បើតាមប្រភពពីសមត្ថកិច្ចដែលចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុបានឲ្យដឹងថា សាកសពមានសភាពហើមស្អុយ និងមានស្នាមរបួសក្បាលជាច្រើនកន្លែង ដែលគេសង្ស័យជាអំពើ
«ឃាតកម្ម» ដែលបង្កឡើងដោយជនមិនស្គាល់មុខ។ ប្រភពដដែលបានបញ្ជាក់ថា បើយោងស្ថានភាពសាកសព ជនរងគ្រោះអាចត្រូវឃាតកសម្លាប់ចាប់តាំងពីយប់ដែលគាត់ចេញពីផ្ទះថា ទៅបូមទឹកដាក់ស្រែម្លេះ ទើបសាកសពហើមស្អុយបែបនេះ។
លោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដែលបានចុះទៅកាន់កន្លែងកើតហេតុ បាននិយាយថា បើតាមការស្រាវជ្រាវជំហ៊ានដំបូងនេះ ជនរងគ្រោះអាចត្រូវឃាតកមិនស្គាល់មុខសម្លាប់ ដោយផ្ដើមចេញពីរឿងគំនុំអ្វីមួយ។ លោកស្នងការរងបានបញ្ជាក់ថា ពេលនេះកម្លាំងជំនាញ កំពុងបើកការស៊ើបអង្កេត និងសាកសួរក្រុមគ្រួសារជនរងគ្រោះ និងសាក្សីនានាផង តែរហូតដល់ពេលនេះ យើងហាក់ទទូលបានពន្លឺខ្លះៗហើយ ពីមុខសញ្ញាជនដៃដល់៕
ចែករំលែកព័តមាននេះ