ខេត្តកំពង់ចាម ៖ ស្របពេលដែលក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេស គឺបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដែលជាប្រភពបង្កើតឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ នោះនៅតំបន់ច្រកទ្វារត្រពាំងផ្លុង ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក គេឃើញមានកាស៊ីណូដល់ទៅ៣កន្លែង គឺ ១-ហេងហេង, 2-GMG និង 3-GRAND GOLDEN ។ នៅក្នុងកាស៊ីណូទាំង៣កន្លែងនេះ គេឃើញមានល្បែងមួយដែលរដ្ឋហាមឃាត់ត្រូវបានគេនាំគ្នាលេងនៅទីនោះ គឺ បញ្ជល់មាន់ដែលមានសកម្មភាពគគ្រឹកគគ្រេង ហើយក្រុមដែលញៀននឹងល្បែងបញ្ជល់មាន់ភាគច្រើនជាជនជាតិខ្មែរ ជិះសុទ្ធតែរថយន្តទំនើបៗខ្លះមានតម្លៃដល់ទៅជិត២០ម៉ឺនដុល្លារមកលេងយ៉ាងសប្បាយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនាល្ងាចថ្ងៃទី២២ ឧសភា ២០១១ បានឲ្យដឹងថា ក្នុង១សប្តាហ៍មានកម្មវិធីបញ្ជល់មាន់នៅថ្ងៃចន្ទលេងនៅ «កាស៊ីណូហេងហេង» ថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យលេងនៅ GMG និងក្រៅពីនេះលេងនៅ GRAND GOLDEN (កាស៊ីណូ៧ជាន់)។ ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ឧសភា មានម៉ូតូ រថយន្តដាក់តម្រៀបពីខាងក្នុងហៀរដល់ខាងក្រៅដែលភាគច្រើនសុទ្ធតែខ្មែរ ចូលទៅលេងបញ្ជល់មាន់រួមជាមួយនឹងជនជាតិវៀតណាម ហើយការដែលគេលេងបានយ៉ាងចំហបែបនេះ ទំនងសំអាងទៅលើការមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មកាស៊ីណូ ។
មន្ត្រីនគរបាលមួយរូបសូមមិនបញ្ចេញឈ្មោះបាននិយាយថា តាមច្បាប់កាស៊ីណូ គឺមានល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងនោះ សូម្បីតែល្បែងបញ្ជល់ត្រីក្រឹមក៏ដោយដែលគ្រប់គ្រងដោយ «សន្តិសុខផ្ទៃក្នង» ហើយអ្នកដែលចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូបាន តាមច្បាប់អនុញ្ញាតឲ្យតែជនបរទេសប៉ុណ្ណោះ។ ទោះបីជាច្បាប់តម្រូវបែបនេះក្តី តែតាមការសង្កេតគេឃើញជនជាតិខ្មែរចូលទៅលេងល្បែងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅតាមកាស៊ីណូទាំងនេះ។ មន្ត្រីសមត្ថកិច្ចបានប្រាប់ថា មានអ្នកខ្លះមានឋានៈជាឧកញ៉ា ដោយសារតែញៀននឹងល្បែងនៅកាស៊ីណូច្រកត្រពាំងផ្លុង ដំបូងលេងឈ្នះមានការចេញចូលលេងជាញឹកញាប់ លុះក្រោយមកលេចឮថា អស់លុយរាប់ម៉ឺនដុល្លារក៏ធ្លាក់ខ្លួន តែមិនត្រូវបានគេបញ្ចេញឈ្មោះឱ្យដឹងទេ ។
គួររំលឹកថា កន្លងមកកាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ២០១១ មានក្រុមចោរពាក់ឯកសណ្ឋានប៉ារ៉ា២នាក់ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លីពុំស្គាល់ម៉ាក បានចូលទៅប្លន់លុយបានចំនួន៧.៥០០ដុល្លារនៅទូរ៉ូឡែត ពីបុគ្គលិកស្រីម្នាក់ឈ្មោះខាំ ម៉ាលីណា អាយុ១៨ឆ្នាំ បម្រើការងារនៅកាស៊ីណូ GMG។ ក្រុមចោរសុទ្ធតែមានពាក់ម៉ាស់មុខ និងពាក់មួកមិនអាចចំណាំស្គាល់អត្តសញ្ញាណបានទេ ហើយធ្វើសកម្មភាពយ៉ាងរហ័សគឺប្រហែលជា១នាទីប៉ុណ្ណោះ ក៏នាំគ្នាគេចខ្លួនបាត់ដែលរហូតមកដល់ថ្ងៃទី២២ ឧសភា សមត្ថកិច្ចនៅតែស្រាវជ្រាវរកជនល្មើសមិនទាន់ឃើញនៅឡើយ។ ក្រៅពីកាស៊ីណូទាំង៣ខាងលើ ក៏មានកាស៊ីណូ១ទៀតកំពុងសាងសង់មិនទាន់រួចដែរ។ ជុំវិញព័ត៌មានខាងលើនេះ កោះសន្តិភាពបានទូរស័ព្ទសុំការបំភ្លឺពីលោកវរសេនីយ៍ទោ កើត រ៉ាស៊ី ប្រធានច្រកទ្វារអន្តរជាតិត្រពាំងផ្លុងដែរតែមិនអាចទាក់ទងបាន៕
ចែករំលែកព័តមាននេះ