ខេត្តកណ្តាល ៖ ស្នេហាយុវវ័យសម័យថ្មីមួយគូបានចាប់ផ្តើមកើតឡើងលឿនដូចផ្លេកបន្ទោរ ដែលក្រោយពីសាងអនុស្សាវរីយ៍រួមគ្នាមួយប៉ប្រិចភ្នែកក៏ឈានដល់បបួលគ្នាដឹកដៃឡើងផ្ទះសំណាក់ក្រេបចន្ទទឹកឃ្មុំយ៉ាងផ្អែមត្រជាក់ចិត្ត។ ប៉ុន្តែមិនបានប៉ុន្មានផង ទឹកឃ្មុំដែលផ្អែមនោះបានក្លាយទៅជាទឹកខ្មេះទៅវិញ ដោយសារតែស្នេហានេះមិនបានទទួលស្គាល់ពីអាណាព្យាបាលខាងស្រី ម្យ៉ាងទៀតខាងស្រីស្ថិតក្នុងវ័យជាអនីតិជននៅឡើយ។
នៅពេលបែកការណ៍នោះ អាណាព្យាបាលខាងស្រីក៏ប្តឹងកងរាជអាវុធហត្ថខេត្តឱ្យចាប់ខ្លួនខាងប្រុស។ អ្នកទោសស្នេហារូបនេះត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ឧសភា នៅឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកអេង ហ៊ី មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលបានឱ្យដឹងថា យុវជនដែលត្រូវចាប់ខ្លួននេះឈ្មោះអុន មករា អាយុ២១ឆ្នាំ ជាសិស្ស រស់នៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកស្រីស្នេហ៍របស់គេអាយុ១៤ឆ្នាំ រៀននៅសាលាជាមួយ។ លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ការចាប់ខ្លួនយុវជនរូបនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីដែលបានប្តឹងកាលពីថ្ងៃទី២ ខែឧសភា ២០១១ ថា បានបាត់កូនស្រីគាត់ពីផ្ទះជាច្រើនថ្ងៃរួចមក ហើយលោកបានធ្វើការស្រាវជ្រាវដឹងថា ក្មេងស្រីនោះត្រូវឈ្មោះអុន មករា ពង្រត់ទៅខេត្តសៀមរាបស្នាក់នៅផ្ទះសំណាក់ក៏សុំយោបល់ពីលោកឧត្តមសេនីយ៍មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនយុវជននេះតែម្តង។
ក្រោយពីត្រូវចាប់ខ្លួន អ្នកទោសស្នេហាឈ្មោះអុន មករា បានសារភាពប្រាប់សមត្ថកិច្ចថា គេបានស្រឡាញ់គ្នាជាមួយនាង និងបានស្គាល់ចិត្តថ្លើមគ្នាដោយស្មោះស្ម័គ្រមិនមានការបង្ខិតបង្ខំឡើយ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ រូបគេ និងនាងបានជួបគ្នានៅឃុំព្រែកតាកូវ ហើយក៏បបួលគ្នាទៅលេងនៅភ្នំពេញ និងបបួលគ្នាចូលទៅដេកនៅផ្ទះសំណាក់យីហោដួងចន្ទ រយៈពេល២យប់។ លុះនៅថ្ងៃទី៦ ឧសភា ពួកគេទាំងពីរនាក់បានបបួលគ្នាទៅលេងនៅខេត្តសៀមរាប ស្នាក់នៅផ្ទះបងប្រុសរបស់គេមួយយប់ ពេលព្រឹកឡើងបានទៅដើរលេងក្នុងខេត្ត ហើយក៏នាំគ្នាទៅដេកនៅផ្ទះសំណាក់ចំនួន៤យប់ទៀត។ រហូតដល់ថ្ងៃទី១២ ឧសភា នាងបានជិះរថយន្តត្រឡប់ទៅស្រុកកំណើតវិញ ចំណែកខ្លួនស្នាក់នៅផ្ទះបងរបស់ខ្លួននៅខេត្តសៀមរាប។
លោកប្រធានមន្ទីរបានឱ្យដឹងថា បន្ទាប់ពីដឹងថា ឈ្មោះអុន មករា ស្នាក់នៅទីនោះ លោកបានសុំយោបល់ទៅសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបធ្វើការចាប់ខ្លួនបានកាលពីថ្ងៃទី២០ ឧសភា នាំយកទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងកសាងសំណុំរឿងចោទប្រកាន់ឈ្មោះអុន មករា ពីបទពង្រត់ក្មេងស្រីជាអនីតិជន និងអំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការបន្តទៀតតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ