ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់បានត្រូវកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ពីបទលក់ចែកចាយគ្រឿងញៀន ។
លោកអនុសេនីយ៍ឯកជិន ស៊ីនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទីបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងការណែនាំពីលោកវរសេនីយ៍ស្នងការរងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ដើម្បីធ្វើឱ្យភូមិ-ឃុំមានសុវត្ថិភាព ជាលទ្ធផលនៅវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី២០ ឧសភា ឆ្នាំ២០១១ កម្លាំងនគរបាលស្រុកម៉ាឡៃបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀននៅចំណុចភូមិសង្កែ ឃុំសង្កែ ស្រុកម៉ាឡៃដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសំ សឿត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិខាងលើ ។ ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ប្រភេទគ្រាប់ពណ៌ក្រហមមានអក្សរ WY ចំនួន៣០គ្រាប់ ក្នុងនោះមាន១គ្រាប់ពណ៌ត្រួយចេក ។
លោកវរសេនីយ៍ទោ ឆេង ឈួត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឈ្មោះសំ សឿត ថ្នាំញៀនទាំង៣០គ្រាប់នេះ គឺរូបគេបានទិញពីឈ្មោះម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ហើយការទិញនេះ គឺតាមរយៈឈ្មោះបេត មេធា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដូង ឃុំម៉ាឡៃ និងឈ្មោះឡាយ ជិនហ្វុង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ លុះនៅវេលាម៉ោង៧ និង៥៥នាទីព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០១១ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលជំនាញបន្តសហការគ្នាឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទៀតគឺឈ្មោះបេត មេធា និងឈ្មោះឡាយ ជិនហ្វុង ដែលពាក់ព័ន្ធនឹងករណីលក់ចែកចាយគ្រឿងញៀននេះដែរ ។
លោកស្នងការរងបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២២ ឧសភា ឆ្នាំ២០១១ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ