ខេត្តក្រចេះ ៖ រថយន្តផ្តាច់ព្រលឹងលួចដឹកឈើគ្រញូង១គ្រឿង ត្រូវកងរាជអាវុធហត្ថសហការជាមួយជំនាញរដ្ឋបាលព្រៃឈើក្រចេះតាមចាប់ទាល់តែបានកាលពីព្រឹកថ្ងៃទី២២ ឧសភា ។ រថយន្តបើកគេចយ៉ាងលឿននោះត្រូវសមត្ថកិច្ចស្ទាក់ជាប់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ផ្លូវជាតិលេខ៧ ដោយដេញយ៉ាងប្រកៀកប្រកិតចាប់ពីឃុំក្បាលដំរី ស្រុកសំបូរមក។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែលអះអាងថា គេមកពីហូបការមិត្តភក្តិ ហើយពេលត្រឡប់មកវិញត្រូវម្ចាស់រថយន្តដឹកឈើនេះជាមិត្តភក្តិហៅឲ្យជិះជាមួយ ដោយមិនបានដឹងថា មានផ្ទុកឈើខុសច្បាប់ទេ ។ នៅពេលជិះដល់ពាក់កណ្តាលផ្លូវដឹងថា រថយន្តនេះលួចដឹកឈើគេក៏សុំចុះតែម្ចាស់រថយន្តមិនព្រមឲ្យចុះទេ។
ប្រភពព័ត៌មានមួយឲ្យដឹងថា រថយន្តនោះគេឃើញមានមនុស្សជិះចំនួន៤នាក់សុទ្ឋតែស្លៀកពាក់យោធា តែនៅពេលសមត្ថកិច្ចដេញតាមទាន់នាំគ្នារត់ចេញពីរថយន្តអស់សល់តែបុរសម្នាក់ដែលមិនដឹងអី។ លោកវរសេនីយ៍ត្រី ម៉ុត វណ្ណៈ នាយស្នាក់ការសន្តិសុខ៧០៨នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តឲ្យដឹងថា ក្រោយពីមានការសង្សយ័សមត្ថកិច្ចបញ្ជាឲ្យរថយន្តនោះឈប់ តែមិនព្រមឈប់បែរជាបន្ថែមល្បឿនទើបកំលាំងលោកសហការជាមួយកំលាំងរដ្ឋបាលព្រៃឈើក្រចេះ ដេញតាមរហូតចាប់បាន។
សមត្ថកិច្ចដកហូតរថយន្ត១គ្រឿងម៉ាក កាមរីពណ៌ឈាមជ្រូក ស៊េរីឆ្នាំ៩១ ពុំមានស្លាកលេខ និងរកឃើញឈើគ្រញូងតូចធំជាច្រើនកំណាត់មានចំនួន៤រយគីឡូក្រាម និងត្រូវកសាងសំណុំរឿងប្រគល់ទៅឲ្យមន្រ្តីរដ្ឋបាលព្រៃ ឈើសង្កាត់ក្រចេះចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ