រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់អង្គការយូណេស្កូ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅវេលាម៉ោង២រសៀលថ្ងៃទី២៣ ឧសភា ២០១១ នេះ ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជា ថៃ និងអង្គការយូណេស្កូ ស្តីពីបញ្ហាប្រាសាទព្រះវិហារ។ នេះបើយោងតាមលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលបានថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃចន្ទនេះ ។ លោកបន្តថា គណៈប្រតិភូដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន នេះ នឹងចូលរួមក្នុងកិច្ចប្រជុំចំនួន២ គឺទី១-កិច្ចប្រជុំស្តីពីការខូចខាតប្រាសាទព្រះវិហារ ដែលផ្តើមឡើងដោយភាគីថៃ ។
កិច្ចប្រជុំនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់កម្ពុជាបន្ទាប់ពីប្រាសាទព្រះវិហារបានទទួលរងនូវការខូចខាតដោយសារគ្រាប់កាំភ្លើងទាហានសៀមនោះរួចមក ហើយកិច្ចប្រជុំនេះផងដែរ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ឧសភា ២០១១ ខាងមុខ ។ លោកផៃ ស៊ីផាន បន្តទៀតថា កិច្ចប្រជុំទី២នឹងធ្វើឡើងនៅថ្ងៃទី២៦ និង២៧ ឧសភា ជាកិច្ចប្រជុំប្រចាំឆ្នាំរបស់យូណេស្កូ ហើយកម្ពុជាក៏នឹងរាយការណ៍ជូនយូណេស្កូស្តីពីប្រាសាទព្រះវិហារ ក៏ដូចគម្រោងអភិវឌ្ឍន៍នានានៅតំបន់ប្រាសាទព្រះវិហារនោះផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងអង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីស្នាក់ការធំរបស់យូណេស្កូក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នេះ គឺកើតឡើងនៅមុនប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលតុលាការអន្តរជាតិក្រុងឡាអេ ក្នុងប្រទេសហូឡង់ នឹងបើកសវនាការលើវិធានការបន្ទាន់មួយតាមការស្នើសុំរបស់កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និង៣១ ឧសភា ២០១១ ខាងមុខនេះ ។ យ៉ាងណាក៏ដោយ មកទល់នឹងថ្ងៃទី២៣ ឧសភា នេះ នៅមិនទាន់មានសេចក្តីរាយការណ៍ពីការចូលរួមរបស់ភាគីថៃ ឬក៏យ៉ាងណានោះនៅឡើយទេ ខណៈពេលដែលរាជរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា កំពុងរវល់ជាប់ឃោសនារកសំឡេងឆ្នោតនោះ ។
គួររំឭកថា នៅក្នុងសង្គ្រាមព្រំដែនដែលបង្កឡើងដោយការឈ្លានពានរបស់សៀមកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ២០១១ កន្លងមកនេះ ប្រាសាទព្រះវិហារបានទទួលរងនូវគ្រាប់កាំភ្លើងធំរបស់ទាហានសៀមចំនួន៤១៤គ្រាប់ និងគ្រាប់កាំភ្លើងធុនតូច និងមធ្យម និងគ្រាប់បែកចង្កោម ជាច្រើនពាន់គ្រាប់ទៀត ។ បើតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានបញ្ជាក់ឱ្យដឹងថា អង្គការយូណេស្កូ មិនមែនជាស្ថាប័នកាត់ក្តីនោះទេ ប៉ុន្តែភាគីថៃត្រូវតែទទួលខុសត្រូវចំពោះអង្គការយូណេស្កូ សហគមន៍អន្តរជាតិ ចំពោះការបំផ្លាញប្រាសាទព្រះវិហារដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ កក្កដា ២០០៨ កន្លងមក ៕
ចែករំលែកព័តមាននេះ