ខេត្តរតនគិរី ៖ គ្លីនិកឯកជនយីហោ «ឱសថស្ថានពន្លឺសុខភាព» បានទទួលព្យាបាលអ្នកជំងឺម្នាក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត សង្ស័យប្រតិកម្មថ្នាំច្រើនមុខដែលចាក់ចូលបន្តក្នុងសេរ៉ូម ។ ហេតុការណ៍ព្យាបាល បណ្តាលឱ្យបុរសម្នាក់ស្លាប់នោះបានកើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរនគិរី ។ តាមប្រភពជនរងគ្រោះដែលស្លាប់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ មានទីលំនៅភូមិ២កាចាញ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
ឈ្មោះឈួន ស្រីរ័ត្ន ត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្ដីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយដួលម៉ូតូពេលកំពុងដឹកជ័រកៅស៊ូមកផ្ទះបោកត្រូវចំដើមទ្រូង ដោយខ្លាចរបួសនោះធ្ងន់ធ្ងរទើបនៅរសៀលថ្ងៃដដែល ក៏នាំប្ដីទៅព្យាបាលនៅកន្លែងឱសថស្ថានពន្លឺសុខភាពដែលមានទីតាំងដូចខាងលើ ។
ប្រពន្ធជនរងគ្រោះបន្ដថា សុខភាពប្តីនៅធម្មតាមិនមានសភាពធ្ងន់ធ្ងរអ្វីនោះទេ តែពេលចូលទៅដល់កន្លែងនោះ ស្រាប់តែក្រុមគ្រូពេទ្យគេបានមកទទួលអ្នកជំងឺយកទៅព្យាបាល ដោយដាក់សេរ៉ូមជាបន្ដបន្ទាប់អស់ចំនួន៤ ទៅ៥ប្លោក ប៉ុន្ដែរយៈពេលជាង៧ម៉ោងទៅបែរទៅជាធ្ងន់ធ្ងរ ហាក់មិនបានធូរស្រាលសោះឡើយ ។
នៅពេលនោះ សាច់ញាតិបានសុំគ្រូពេទ្យយកអ្នកជំងឺចេញទៅពេទ្យខេត្តវិញ តែប្រធានគ្រប់គ្រង់នៅទីន មិនព្រមឱ្យយកអ្នកជំងឺចេញទេ ហើយថែមទាំងប្រាប់ថា «គេចេះព្យាបាលហើយ» ។ ប៉ុន្ដែអ្វីដែលក្រុមគ្រូពេទ្យពន្លឺសុខភាពបានអះអាងនោះ មិនអាចយកជាការបានឡើយពោលគឺនៅព្រលប់ថ្ងៃដដែលនោះ អ្នកជំងឺមានសភាពប្រកាច់ទាំងដៃជាប់សេរ៉ូម ហើយក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅទីនោះតែម្តង ទើបគេព្រមឱ្យយកសពនោះចេញទៅផ្ទះវិញ។
នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នគបាលការិយាយល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យធ្វើកោសលវិច្ច័យ តែលទ្ធផលនៅពុំទាន់បានដឹងនៅឡើយទេ។
ករណីខាងលើនោះ លោកលុយ ទី ដែលជាប្រធានគ្រប់គ្រងសម្ភពឈ្មោះឱសថស្ថានពន្លឺសុខភាពដែលរងកាចោទប្រកាន់ថា បានព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឱ្យស្លាប់នោះបានប្រាប់មន្ត្រីនគបាលក្រុងបានលុងដោយខ្លីថា «ពាក់ព័ន្ធអ្នកជំងឺដែលស្លាប់នៅកន្លែងលោកនោះ លោកទុកឱ្យមេធាវីជាអ្នកចាត់ចែងហើយ»។
បច្ចុប្បន្ន សពត្រូវបានសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ