ក្រុមហ៊ុន Meta ដកគណនីក្លែងក្លាយរាប់ពាន់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនមេតា (Meta) កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានដកគណនី
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនមេតា (Meta) កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានដកគណនី
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនមេតា (Meta) កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានដកគណនីក្លែងក្លាយ និងបំភ័ន្តរាប់ពាន់គណនី ដែលមានមូលដ្ឋាននៅប្រទេសចិន ខណៈដែលម្ចាស់គណនីទាំងនោះបានតាំងខ្លួនជាជនជាតិអាមេរិក ហើយស្វែងរកការផ្សព្វផ្សាយមាតិកាមានលក្ខណៈនយោបាយសហរដ្ឋអាមេរិក និងទំនាក់ទំនងរវាងអាមេរិក និងចិន។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមហ៊ុនមេតាបានអះអាងថា នៅក្នុងចំណោមប្រធានបទបានបង្ហោះក៏រួមមានបញ្ហាទាក់ទងការរំលូតកូន បញ្ហាសង្គ្រាមវប្បធម៌ និងជំនួយដល់ប្រទេសអ៊ុយក្រែនផងដែរ។ ក្រុមហ៊ុនច្ចេកវិទ្យាពហុជាតិអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ាមួយនេះ មិនបានភ្ជាប់ប្រវត្តិរូបគណនីក្លែងក្លាយទាំងនោះផ្តល់ទៅមន្ត្រីទីក្រុងប៉េកាំងនោះទេ ប៉ុន្តែបានមើលឃើញការកើនឡើងនៃក្រុមបែបនេះមានមូលដ្ឋាននៅក្នុងប្រទេសចិន មុនការបោះឆ្នោតនៅអាមេរិកឆ្នាំក្រោយ។
ក្រុមហ៊ុនមេតាបន្តថា ឥឡូវនេះ ប្រទេសចិនគឺជាប្រភពភូមិសាស្ត្រដ៏ធំបំផុតទី២ នៃក្រុមបែបនេះ បន្ទាប់ពីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ហើយការដកគណនីក្លែងក្លាយនាពេលថ្មីៗនេះ ត្រូវបានគូសបញ្ជាក់ក្នុងរបាយការណ៍គម្រាមកំហែងប្រចាំត្រីមាស ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ ដោយក្រុមហ៊ុនមេរបស់បណ្តាញសង្គមយក្ស Facebook, Instagram, Threads និង WhatsApp មួយនេះ។
ក្រុមដែលមានមូលដ្ឋាននៅចិនទាំងនោះ រួមមានគណនីជាង ៤,៧០០ និងបានប្រើរូបភាព និងឈ្មោះចម្លងពីអ្នកប្រើប្រាស់ផ្សេងទៀតនៅជុំវិញពិភពលោក។ គណនីទាំងនោះបានចែករំលែកការបង្ហោះគ្នាទៅវិញទៅមក ហើយខ្លឹមសារមួយចំនួនហាក់ដូចជាត្រូវបានយកដោយផ្ទាល់ពីបណ្តាញសង្គម X ដែលពីមុនគឺជា Twitter។ នៅក្នុងករណីខ្លះ គណនីទាំងនោះបានចម្លង និងភ្ជាប់ការបង្ហោះពាក្យសំដីអ្នកនយោបាយអាមេរិក ទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ រួមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ផ្សេងទៀត ដោយការបង្ហោះខ្លះត្រូវបានភ្ជាប់ជាមួយនឹងការបង្ហោះផ្សេងទៀត ដែលនាំឱ្យមានការភាន់ច្រឡំ។
របាយការណ៍ក្រុមហ៊ុនមេតាបន្តទៀតថា ខ្លួនមិនច្បាស់ទេថា តើវិធីសាស្ត្រនេះត្រូវបានបង្កើតឡើងដើម្បីពង្រីកភាពតានតឹងរបស់បក្សពួក បង្កើតភាពទាក់ទាញក្នុងចំណោមអ្នកគាំទ្រអ្នកនយោបាយទាំងនោះ ឬដើម្បីធ្វើឱ្យគណនីក្លែងក្លាយដែលចែករំលែកខ្លឹមសារពិតប្រាកដមើលទៅពិតប្រាកដជាងម្ចាស់ដើម ដែលច្បាប់សម្របសម្រួលរបស់ក្រុមហ៊ុនហាមប្រាមនូវអ្វីដែលហៅថា «ឥរិយាបទមិនពិតប្រាកដដែលបានសម្របសម្រួល» ដែលកើតចេញពីការបង្ហោះដោយក្រុមនៃគណនីដែលធ្វើការជាមួយគ្នា និងប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីបំភាន់អ្នកប្រើប្រាស់ផ្សេងទៀត។
យ៉ាងណាមិញ ជាញឹកញយ ខ្លឹមសារដែលចែករំលែកដោយក្រុមនេះគឺមិនពិតនោះទេ ដោយថែមទាំងដាក់ប្រភពយោងពីព័ត៌មានត្រឹមត្រូវពីបណ្តាប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ពិភពលោក។ ប៉ុន្តែជំនួសឱ្យការប្រើប្រាស់សម្រាប់ការអត្ថាធិប្បាយ ឬជជែកវែកញែកស្របច្បាប់ ការបង្ហោះទាំងនោះមានបំណងបំប្លែងមតិសាធារណៈ ជំរុញការបែងចែក និងធ្វើឱ្យទស្សនៈពិសេសៗ ហាក់ដូចជាពេញនិយមជាងការពិត។
ក្រុមហ៊ុនមេតាក៏បានរកឃើញបណ្តាញតូចៗចំនួន២ផងដែរ ដែលមួយមានមូលដ្ឋាននៅក្នុងប្រទេសចិន ដែលផ្តោតលើប្រទេសឥណ្ឌា និងទីបេ និងមួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ដែលបានបង្ហោះព័ត៌មានមិនពិតជាភាសាអង់គ្លេសជាចម្បងអំពីការលុកលុយរបស់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ