ចុងភៅណាក់ ល្បីពេញពិភពលោក ដោយសារសៀវភៅម្ហូប
- ភ្នំពេញ
ម្ចាស់ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» នៅក្នុងទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានទទួលកាលពី
ម្ចាស់ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» នៅក្នុងទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានទទួលកាលពី
ម្ចាស់ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» នៅក្នុងទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានទទួលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺសាកសមនឹង ទទួលបានការគោរពស្ញប់ស្ញែងពីមហាជននៅកម្ពុជា។
សៀវភៅធ្វើម្ហូបដែលមានចំណងជើងថា «សោយ» ជាស្នាដៃរបស់ក្រុមការងារ ដែលគេស្គាល់ថា ចុងភៅណាក់ ត្រូវបានគេដឹងថា គឺជាឈ្មោះរបស់ស្ត្រីខ្មែរម្នាក់ ដែលស្រលាញ់វិជ្ជាធ្វើម្ហូបមួយរូប ដោយមានឈ្មោះដើមថា «រស់ រតនៈ»។
នៅក្នុងនាមជាពលរដ្ឋខ្មែរ នៅពេលដែលទទួលបានសាររបស់អ្នកស្រី រស់ រតនៈ តាមសំណេរជាមួយនឹងរូបភាពវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម ពិតជាមានមោទកភាពចំពោះអ្នកស្រី និងក្រុមការងារ ដែលអាចបង្កើតនូវស្នាដៃរហូតដល់ទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបែបនេះ ។
អ្នកស្រីបានបង្ហោះសារដែលមានខ្លឹមសារថា «ខ្មែរធ្វើបានហើយ!!! យើងទទួលបានជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះ ជាមោទកភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង «សោយ» ជាស្នាដៃរបស់ខ្មែរ ទទួលបានពានរង្វាន់ Gourmand Award ដោយសារព័ត៌មានអន្តរជាតិបានដាក់រហស្សនាមថា ជា «ពានរង្វាន់អូស្ការ» ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ»។
សៀវភៅធ្វើម្ហូបដែលទទួលបានជ័យភាគីនេះ ត្រូវបានគេដឹងថា អ្នកស្រី រស់ រតនៈ និងក្រុមការងារបានចំណាយរយៈពេលរហូតដល់៤ឆ្នាំក្នុងការចងក្រង ដោយសៀវភៅមួយក្បាលនេះ ពុំគ្រាន់តែជាសៀវភៅធ្វើម្ហូបធម្មតានោះទេ ។
សៀវភៅនេះ ត្រូវបានគេដឹងហើយអាចនិយាយបានថា ជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា បង្ហាញពីមរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ ដែលបានបន្សល់ទុកជាយូរឆ្នាំមកហើយ។
សៀវភៅនេះ ត្រូវគេដឹងថា គឺបានចងក្រងនូវរូបមន្តនៃការធ្វើម្ហូបដែលធ្លាប់បានបោះពុម្ពផ្សាយ និងបង្រៀននៅតាមសាលាក្នុងរាជធានីភ្នំពេញ រវាងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដោយសម្តេចព្រះរាជ កន្និដ្ឋា នរោត្តម រស្មីសោភ័ណ។ ហើយត្រូវបានចុងភៅណាក់ យកមកចងក្រងសើររើវិជ្ជា ដែលជាឬសគល់នៃវប្បធម៌ និងអរិយធម៌ខាងធ្វើម្ហូប ដែលបានកប់ទុកអស់ជាច្រើនទសវត្សរ៍ ដោយសារតែសង្គ្រាម យកមកច្នៃប្រឌិត និងអភិវឌ្ឍន៍ឲ្យចេញជារូបរាងពិតប្រាកដឡើងវិញនៅសម័យកាលបច្ចុប្បន្ន ។
អ្នកស្រី រស់ រតនៈ បានថ្លែងនៅពេលឡើងលើវេទិកាទទួលពានរង្វាន់នោះជាភាសាអង់គ្លេស ទាំងអួលដើម.កថា «យើងខ្ញុំបានខិតខំរៀបចំចងក្រងសៀវភៅនេះឡើង គឺដោយសារយើងខ្ញុំចង់បង្ហាញនូវប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្មែរ ហើយយើងខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកថា យើងមានអ្វីជាច្រើនណាស់ដែលមិនមែនត្រឹមតែប្រាសាទអង្គរវត្តដ៏ស្រល់ស្អាត ប្រាសាទរបស់យើងប៉ុណ្ណោះទេ។ ប៉ុន្តែយើងនៅមានវត្ថុអស្ចារ្យជាច្រើនទៀត ដែលមិនគួរមើលរំលង» ។
តាមព័ត៌មានបានឲ្យដឹងថា សៀវភៅធ្វើម្ហូប «សោយ» នេះ ជាស្នាដៃទី២ បន្ទាប់ពីសៀវភៅដំបូង «ញ៉ាំ» ដោយសៀវភៅនោះ មានតម្លៃ៣៩ដុល្លារ ជាភាសាខ្មែរ ហើយចំណែកភាសាអង់គ្លេស មានតម្លៃ៤៥ដុល្លារ។
បន្ទាប់ពីទទួលបានដំណឹងនេះ នៅក្នុងនាមប្រជាពលរដ្ឋកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងសារអបអរសាទរនេះផងដែរ ។ ក្រៅពីនោះ នៅមានថ្នាក់ដឹកនាំ និងសាធារណៈជននានាផងដែរ។
សរុបមកវិញ អ្វីដែលអ្នកស្រី រស់ រតនៈ ឬចុងភៅណាក់ បានធ្វើ គឺពិតជាបានកសាងនូវសមិទ្ធ ផលថ្មីមួយ ដែលនឹងរួមចំណែកក្នុងការអភិរក្សការផ្សព្វផ្សាយវប្បធម៌ និងម្ហូបខ្មែរ ជាសម្បត្តិដែលខ្មែរគួរតែមានការចងក្រង ខណៈគេដឹងថា ម្ហូប គឺជាតម្លៃ និងជាសម្បត្តិ វប្បធម៌ ព្រមទាំងជាអត្តសញ្ញាណជាតិរបស់កម្ពុជា។ ហើយយើងគួរតែរិះគិត និងខិតខំចងក្រងនូវស្នាដៃបែបនេះអោយបានច្រើន ដើម្បីកសាងនូវតឹកតាំងទុកសម្រាប់អ្នកជំនាន់ក្រោយបានដឹង និងយល់ពីឬសគល់របស់យើង។
អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ