រាជធានីភ្នំពេញ ៖ សម្រាប់អ្នកដែលមានអាយុលើសពី ៣០ ឆ្នាំ តែមិនទាន់មានជំនាញវិជ្ជាជីវៈណាមួយសម្រាប់បំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិត នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ( NPIC ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទឹកចិត្តពួកគេកុំទាន់អស់សង្ឃឹម ព្រោះសាលាជំនាញបច្ចេកទេសមិនរើសអាយុសិស្សក្នុងការសិក្សានោះទេ ។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស ( NPIC ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈមិនប្រកាន់អាយុសិក្សានោះទេ ទោះពួកស្ថិតនៅក្នុងវ័យណាក៏ដោយ សាលានៅតែបើកឱកាសអ្នកដែលមានអាយុច្រើនដែលមិនទាន់មានចំណេះជំនាញវិជ្ជាជីវៈណាមួយ អាចមកសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបានដើម្បីស្វែងរកការងារធ្វើ ឬប្រកបមុខរបរជីវិតចិញ្ចឹមជីវិត ។

លោកមានប្រសាសន៍ថា ៖ « អ្នកដែលមានអាយុ ៣០ ឆ្នាំ ៤០ ឆ្នាំ ឬ ៥០ ឆ្នាំ បើមិនទាន់មានមុខជំនាញទេ ត្រូវតែស្វះស្វែងមុខជំនាញ សាលាបណ្តុះបណ្តាលបច្ចេកទេសមិនប្រកាន់អាយុសម្រាប់មុខរបរវិជ្ជាជីវៈនោះទេ» ។ លោកនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសមានប្រសាសន៍បន្ថែមថា ក្រោយពីសិស្សរៀនជំនាញបច្ចេកទេសចប់ ពួកគេអាចមានមុខរបរដោយខ្លួនឯងបាន បើមានដើមទុន តែបើមិនទាន់មានដើមទុននៅឡើយទេ ពួកគេអាចធ្វើការឲ្យគេក៏បាន ។
លោកបានពន្យល់បន្ថែមថា ចង់រុញប្រទេសមួយឲ្យជឿនលឿន មានសេដ្ឋកិច្ចខ្ពស់ដរាបណា មនុស្សមានគុណភាព ដើម្បីប្រាក់ចំណូលខ្ពស់ ដូច្នេះមនុស្សត្រូវតែមានជំនាញខ្ពស់ដែរ ហើយបើចង់បានជំនាញខ្ពស់ទាល់តែពួកគេសិក្សានៅសាលា ។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំនៅកម្ពុជាដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ វិទ្យាស្ថាន NPIC កំពុងបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជាចាប់តាំងពីថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១, កម្រិត ២ និងកម្រិត ៣ ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលរួមមានជំនាញជាច្រើនដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្ត្រអុបទិក វិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍ វិស្វកម្មមេកានិករថយន្ត ទេសចរណ៍និងបដិសណ្ឋារកិច្ច ។ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មានដៃគូសហការជាមួយវិស័យរដ្ឋ និងឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួន ២២៦ ៕

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតប បានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងចំពោះមុខ និងទាំងអនាគត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ