ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ឈ្មួញវៀតណាម សម្រុកចូលមកដឹកស្រូវ​​នាំឆ្លងដែន​ តាមផែស្រូវប្រឡាយទាហាន នៅស្រុកកំពង់រោទិ៍

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ រយៈពេលកន្លះខែនេះ ឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរ ដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ដែលស្ថិតនៅភូមិព្រៃវ័ល្ល៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។…

ខេត្តស្វាយរៀង៖ រយៈពេលកន្លះខែនេះ ឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរ ដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ដែលស្ថិតនៅភូមិព្រៃវ័ល្ល៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុង១ថ្ងៃៗ គឺមានកាណូតប៉ុកចៃធំៗ ២០ ទៅ ៣០គ្រឿង ចូលមកនាំស្រូវ ចេញទៅប្រទេសវៀតណាម ចាប់ពី ៦០០តោន ទៅ១,០០០តោន ក្នុង ១ថ្ងៃ។

ប្រជាកសិករនៅ​ស្រុកកំពង់​រោទិ៍ ដែលនាំស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម នាព្រឹកថ្ងៃទី៣០វិច្ឆិកា២០២៣ នេះ បាន​ឲ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ដោយស្រូវវស្សា មកដល់ពេលនេះ តម្លៃមានលំនឹងល្អ គឺតម្លៃខ្ពស់ ហើយ​ឈ្មួញវៀតណាម ចូលមកទិញស្រូវខ្មែរយើង ដល់ផែ​កាណូតប្រឡាយទាហានតែម្តង​។

ប្រភព បន្តថា ស្រូវមានតម្លៃគួរសមស្រូវ​ស្រែ ស្រូវក្រសាំងទាប (បាយរឹង)វៀតណាម ទិញក្នុង ១គីឡូក្រាម តម្លៃ ១,២៥០រៀល។ ចំណែកស្រូវក្រអូប ដូចជា ស្រូវផ្កាម្លិះ ស្រូវផ្ការំដួល និងស្រូវសែនក្រអូប ក្នុង ១គីឡូក្រាម តម្លៃ ១,៥០០រៀល។

ស្រូវវស្សាខ្មែរយើង មិនសូវប្រើប្រាស់​ថ្នាំ​កសិកម្មច្រើន គឺ​មានបាញ់ថ្នាំសម្លាប់ស្មៅ (ឲ្យស្មៅងាប់) រួចភ្ជួរាស់ សាបព្រោះស្រូវ ហើយដាក់ជីតែម្តង រហូតទទួលផលច្រូតកាត់។ ដូច្នេះអង្ករខ្មែរ មានគុណភាពខ្ពស់ជាងអង្ករវៀតណាម ដែលគេប្រើថ្នាំកសិកម្ម​ច្រើន (ជី និងថ្នាំច្រើន)។

ឈ្មួញវៀតណាមម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ខាងសមត្ថកិច្ចខ្មែរ បានយកលុយ​ក្បាលទូក ពីអាជីវករវៀតណាម គឺតាមបរិមាណចំណុះទូក។ បើទូកចំណុះ ៦០តោន យក ២០ម៉ឺនរៀល ហើយសមត្ថកិច្ចវៀតណាម ២០ម៉ឺនរៀល។ ចំណុះ ១០០តោន ១ទូក ៤០ម៉ឺនរៀល ខាងវៀតណាម ៤០ម៉ឺនរៀលដែរ។

ប្រភពបន្តថា ទោះបីសមត្ថកិច្ចយកលុយក្បាលទូកយ៉ាងណាក៏ដោយ កុំឲ្យតែសមត្ថកិច្ច បិទព្រំដែន ដូចកាលពីសម័យកូវីដ-១៩ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង​។

ទោះបីបង់លុយក្បាលទូក ក៏ដោយ ក៏ក្រុមអាជីវករវៀតណាម នៅតែចូលមកទទួលទិញស្រូវ​ពីប្រជាកសិករខ្មែរដែរ ដោយស្រូវវៀតណាម មានតម្លៃខ្ពស់ ចំណែកស្រូវខ្មែរ មានគុណភាពល្អ ជាពិសេសប្រទេសវៀតណាម មានតម្រូវការស្រូវ សម្រាប់នាំចេញច្រើន ដូច្នេះសំណូមពរ សូមឲ្យសមត្ថកិច្ចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ជួយសម្រួល ឲ្យអាជីវករវៀតណាម បានចូលមកទិញស្រូវខ្មែរផង​។ ស្រូវ អង្ករខ្មែរ មានគុណភាពខ្ពស់ ​លក់ចែកចាយ​ក្នុងប្រទេស​វៀតណាម សម្រាប់ប្រជាជនបរិភោគ​។ ចំណែកអង្ករវៀតណាម សម្រាប់នាំចេញទៅក្រៅប្រទេស។

សមត្ថកិច្ច បានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ គឺចាប់ពីពាក់កណ្តាលខែវិច្ឆិកា២០២៣ មកដល់ថ្ងៃទី៣០វិច្ឆិកា២០២៣នេះ តម្លៃស្រូវ នៅមានលំនឹងល្អ ដោយស្រូវវស្សា ស្រូវក្រសាំងទាប តម្លៃ ១,២៥០រៀល ក្នុង ១គីឡូក្រាម ស្រូវក្រអូប ផ្កាម្លិះ ផ្ការំដួល តម្លៃ ១,៥០០រៀល ក្នុង ១គីឡូក្រាម។

ប្រភពបន្តថា ជាមធ្យម ឈ្មួញនាំស្រូវចេញទៅប្រទេសវៀតណាម ក្នុង ១ថ្ងៃ ចាប់ពី ៦០០តោន ទៅ ៧០០តោន។ ស្រូវវស្សា ក្នុងខេត្តស្វាយរៀង បានច្រូតកាត់ប្រមូលផបណ្តើរៗហើយ ចំពោះស្រូវ ដែលកំពុងនាំចេញពេលនេះ គឺនាំមកពីបណ្តាខេត្តនានា គឺខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ផងដែរ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ