ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងខ្លីបានបាញ់ចំនួន០៣គ្រាប់ទៅលើជាងជួសជុលទូរស័ព្ទម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងមួយគ្រាប់ទៀតបានគំរាមនៅខាងក្រៅ កាលពីវេលាម៉ោង៦និង១០នាទីក្បាលព្រលប់ ថ្ងៃទី២៩ វិច្ឆិកា នៅក្នុងផ្ទះជនរងគ្រោះដែលស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួន តែនៅព្រឹកថ្ងៃបន្ទាប់ គេបានអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសាកសួរ ។

លោក សំ វីរៈ អធិការស្រុកបាណន់មិនលើកទូរស័ព្ទបំភ្លឺអំពីករណីបាញ់ប្រហារគ្នាដោយអាវុធនេះទេ នៅព្រឹកថ្ងៃទី ៣០ វិច្ឆិកា ។ ប៉ុន្តែតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ខ្មាន់កាំភ្លើងនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ តែពាក់អាវការ៉ូពណ៌.ស ពាក់មួកពណ៌.ស និង ស្លៀកខោខ្លី ។

ជននោះបានប្រើប្រាស់កាំភ្លើងខ្លីដែលគេមិនស្គាល់ម៉ាក ហើយបានដើរចូលទៅក្នុងផ្ទះ រួចដកភ្លើងបាញ់ស្រោចទៅលើជនរងគ្រោះឈ្មោះ អ៊ូច សុខលៀប ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទផង និងជាគ្រូបង្រៀនផង ។ ប្រភពបានបញ្ជាក់ថា ខ្មាន់កាំភ្លើងនោះ បានបាញ់ចំនួន០៣គ្រាប់ ត្រូវពោះមួយគ្រាប់ និងត្រូវចំកែងដៃពីរគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ តែពេលចេញក្រៅផ្ទះខ្មាន់កាំភ្លើងម្នាក់នេះបានបាញ់មេឃមួយគ្រាប់ទៀតសម្ញែងអ្នកភូមិ។

ក្រោយបាញ់ប៉ងផ្ដេចជីវិតគូសត្រូវ និងបាញ់មេឃមួយគ្រាប់ ជនសង្ស័យក៏បានរត់ចូលវត្តភ្នំសំពៅ ដែលនៅខាងកើតនោះបាត់ស្រមោលភ្លាមៗដែរ។ ក្រោយកើតហេតុបន្តិច គេឃើញសមត្ថកិច្ចបានចុះទៅកាន់ទីនោះព្រោងព្រាត ដើម្បីសួរនាំហេតុការណ៍ដែលបានកើតឡើង តែហាក់ពុំមាន
ចម្លើយជាក់លាក់ពីក្រុមគ្រួសារជនរងគ្រោះទេ ។

គ្រួសារជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា កន្លងមក ពួកគាត់ហាក់ពុំធ្លាប់មានរឿងរ៉ាវអ្វី រហូតធ្វើឲ្យមានគូសត្រូវប្រើប្រាស់កាំភ្លើង ចងគំនុំរហូតឈានដល់ការប៉ុនប៉ងបាញ់សម្លាប់ដល់ក្នុងផ្ទះយ៉ាងសាហាវបែបនេះទេ តែនៅសុខៗស្រាប់តែមានជនប្រដាប់អាវុធដើរចូលទៅបាញជនរងគ្រោះដល់ក្នុងផ្ទះប៉ងសម្លាប់តែម្ដង។ ដោយឡែក ពាក់ព័ន្ធនឹងភិនភាគខ្មាន់កាំភ្លើងវិញ បើតាមសមត្ថកិច្ចដែលបានសួរនាំ ភរិយាជនរងគ្រោះបានស្រង់សម្ដីថា ពេលបាញ់ស្វាមីគាត់ឲ្យរបួសដេកដួលហើយ ជននោះបានដើរចេញយ៉ាងលឿន ហើយគាត់ហាក់ធ្លាប់ស្គាល់ភិនភាគនៃខ្មាន់កាំភ្លើងនោះ។គាត់បាននិយាយពីភិនភាគនោះប្រាប់សមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេត។

លោក លឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី ៣០ វិច្ឆិកា ថា ខ្មាន់កាំភ្លើងបានបាញ់ទៅលើជនរងគ្រោះ ក្នុងគោលបំណងផ្ដេចយកជីវិត តែជនរងគ្រោះគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

លោកស្នងការរងបានបញ្ជាក់ថា ចំពោះខ្មាន់កាំភ្លើងដែលពីដំបូងគេមិនទាន់ស្គាល់អត្តសញ្ញាណ ពេលនេះ ត្រូវបានកម្លាំងជំនាញ អធិការស្រុកបាណន់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នាំយកទៅសាកសួរ ។ ប៉ុន្តែបើតាមព័ត៌មានបឋមពីមន្ត្រីជំនាញ ជនសង្ស័យរូបនេះបានបដិសេធថា មិនជាប់ពាក់ព័ន្ធនិងអំពើបាញ់ប្រហារទៅលើជាងជួសជុលទូរស័ព្ទខាងលើនេះទេ ។

យ៉ាងណាក្ដី បើតាមលោកស្នងការរងរូបនេះ បានបន្ថែមថា បើទោះជាជនសង្ស័យបានបដិសេធក្ដី តែមន្ត្រីជំនាញនៅបន្តសួរនាំ និងបន្តការស្រាវជ្រាវនៅឡើយ។ បើតាមការស្រាវជ្រាវជំហានដំបូង ការប៉ុនប៉ងបាញ់សម្លាប់ជាងគ្រូបង្រៀន និងជាជាងទូរស័ព្ទផងខាងលើនេះ អាចផ្ដើមចេញពីរឿងគំនុំរវាងជនរងគ្រោះ និងខ្មាន់កាំភ្លើងនោះ៕
ចែករំលែកព័តមាននេះ