ខេត្តបាត់ដំបង ៖ នាយប៉ុស្ដិ៍នគរបាលម្នាក់នៅស្រុកសង្កែបានជិះម៉ូតូបុកគូទរថយន្តដឹកស្រូវពេញទំហឹង ដែលកំពុងឈប់លើចិញ្ចើមថ្នល់ បណ្ដាលឲ្យបកក្បាលស្លាប់យ៉ាងរន្ធត់ក្រោមគូទរថយន្ត កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៨ វិច្ឆិកា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស សាម៉ុន ភេទប្រុស អាយុ៥១ឆ្នាំ មានតួរនាទីជានាយប៉ុស្ដិ៍នគរបាលឃុំកំពង់ព្រៀង ។ គាត់បានជិះម៉ូតូបុកគូទរថយន្តដឹកស្រូវពីក្រោយ ដែលកំពុងឈប់លើចិញ្ចើមថ្នល់រងចាំឡើងស្រូវ ដោយមានបោកភ្លើងក្រហមនៅគូទរថយន្តជាសញ្ញាផង ។
រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខបាត់ដំបង 3A-3442 អ្នកបើកបរបានរត់ចោលរថយន្តក្រោយមានគ្រោះថ្នាក់ បន្សល់ទុកតែកម្មករលីបាវស្រូវប៉ុនា្មននាក់នៅកន្លែងកើតហេតុ ។ លោក យុត តុងហូ អធិការស្រុកសង្កែបាននិយាយថា លោក ស សាម៉ុន មេប៉ុស្ដិ៍កំពង់ព្រៀងបានជិះម៉ូតូចេញពីប៉ុស្ដិ៍ទៅកាន់គោលដៅនៅវត្តកាច់រទេះ ដើម្បីការពារសន្ដិសុខ ដែលមានពិធីបុណ្យអកអំបុកនៅក្នុងវត្តនោះក្នុងរាត្រីបង្ហើយ តែអកុសល្យលោកបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត ។

លោកអធិការបានដកស្រង់សម្ដីកម្មករលីបាវស្រូវមកប្រាប់ថា ពេលកើតហេតុរថយន្តបានចតលើចិញ្ចើមថ្នល់បើកភ្លើងក្រហមក្រោយជាសញ្ញា ហើយកម្មករកំពុងលីស្រូវឡើងរថយន្ត ។ ក្រុមកម្មករបានប្រាប់ថា ពេលនោះស្រាប់តែម៉ូតូលោកមេប៉ុស្ដិ៍ជិះមកលឿនស្លុយបុកពេញទំហឹងពីក្រោយបណ្ដាលឲ្យចូលទាំងម៉ូតូ ទាំងមនុស្សក្រោមគូទរថយន្ត ហើយលោកមេប៉ុស្ដិ៍បានបោកក្បាលនឹងដែកគូទរថយន្តស្លាប់ភ្លាមៗ រីឯអ្នកបើកបរឃើញបែបនេះ ស្រាប់តែដាក់មេប្រូចបាត់ភ្លាមៗដែរ ។
នេះមិនមែនជារឿងដែលទើបកើតឡើងទេ ដែលរថយន្តធុនធ្ងន់ចតលើចិញ្ចើមថ្នល់ឡើងស្រូវ ។ វាជារឿងដដែលៗដែលធ្លាប់កើតឡើងស្ទើររៀងរាល់ឆ្នាំ បង្កឲ្យមានមនុស្សស្លាប់និងរបួសជាបន្តបន្ទាប់ ។ ប៉ុន្តែគេមិនដែលឃើញកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរដែនដីទើសភ្នែក និងមានវិធានការទប់ស្កាត់ហាមឃាត់រថយន្តប្រភេទនេះចតខុសច្បាប់ចរាចរណ៍លើចិញ្ចើមថ្នល់បែបនេះឡើយ ។

មិនត្រឹមតែរថយន្តដឹកស្រូវចតឡើងស្រូវលើចិញ្ចើមថ្នល់ទេ គេក៏តែប្រទះឃើញអ្នកភូមិហាលស្រូវពាសពេញលើដងផ្លូវដែរ តែអាជ្ញាធរ និងសមត្ថកិច្ចមិនដែលចេះខ្វាយខ្វល់ពីរឿងបង្កគ្រោះថ្នាក់ដែរ ។ ប៉ុន្តែឥឡូវរឿងដដែលៗនេះ បានឆក់យកជីវិតលោកមេប៉ុស្ដិ៍កំពង់ព្រៀងត្រឹមមួយប៉ព្រិចភ្នែកយ៉ាងរន្ធត់បែបនេះ គេរងចាំមើលថា សមត្ថកិច្ច និងអាជ្ញាធរនឹងមានចំណាត់ការណ៏បែបណាចំពោះរថយន្តចតលើចិញ្ចើមថ្នល់ឡើងស្រូវ និងចំពោះអ្នកភូមិដែលតែងយកស្រូវទៅចាក់ហាលលើថ្នល់?
សមត្ថកិច្ចគូតែចាត់វិធានការចំពោះករណីទាំងនេះ ព្រោះវអាចបបង្កឲ្យមានហានិភ័យខ្លាំងណាស់ដល់អ្នកដំណើរមិនចំពោះសមត្ថកិច្ច អាជ្ញាធរ ឬប្រជាពលរដ្ឋឡើយ ។
ចែករំលែកព័តមាននេះ