ខេត្តព្រះសីហនុ ៖ បុរសជនជាតិកូរ៉េម្នាក់ត្រូវប៉ូលិសចរាចរខេត្តចាប់វ៉ៃខ្នោះបញ្ជូនទៅការិយាល័យចរាចរណ៍ កាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០១១ វេលាម៉ោង១១ព្រឹក បន្ទាប់ពីជនជាតិកូរ៉េរូបនេះហក់ទៅដាល់ប៉ូលិសទាំងកំរោល ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវឯករាជ្យ ក្បែរហាងថតរូបច័ន្ទរស្មី ។
តាមព័ត៌មានបានឱ្យដឹងថា បុរសជនជាតិកូរ៉េនោះឈ្មោះ HEOC HEOLGU ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក YAMAHA HIYANTE ពណ៌ក្រហម មិនពាក់មួកសុវត្ថិភាព បានហក់ទៅដាល់ប៉ូលិសចរាចរម្នាក់ឈ្មោះយឿង សុខា ជាប្រធានគោលដៅ តែពុំត្រូវ ក៏ត្រូវចាប់វាយខ្នោះតែម្តង។
យោងតាមសម្តីលោកយឿង សុខា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបលោកកំពុងឈរ ប្រចាំគោលដៅភ្លើងស្តុបកាល់តិច ក៏មានជនបរ ទេសម្នាក់ជិះម៉ូតូដោយពុំគោរពភ្លើងសញ្ញាព្រម ទាំងគ្មានមួកសុវត្ថិភាពទៀត លោកក៏ហៅឱ្យឈប់ រួចផាកពិន័យអស់ប្រាក់ចំនួន១៤.០០០រៀល លើបីចំណុច គឺផាកអត់ពាក់មួកសុវត្ថិភាព ល្មើសភ្លើងស្តុប និងប័ណ្ណបើកបរហួសការកំណត់។ ប៉ុន្តែពេល លោកប្រគល់ប័ណ្ណ ផាកពិន័យឱ្យជនបរទេសនោះ ដើម្បីបង់ប្រាក់ ជននោះបង់តែ៣.០០០រៀល ដូច្នេះលោកក៏ពុំអនុញ្ញាតឱ្យទៅ ស្រាប់តែជនជាតិកូរ៉េនោះហក់មកដាល់លោកតែម្តង ។ បន្ទាប់មក ជនជាតិកូរ៉េ និងលោកយឿង សុខា កំពុងធ្វើការសម្របសម្រួលគ្នានៅការិយាល័យចរាចរណ៍ខេត្ត ៕
ចែករំលែកព័តមាននេះ