ខេត្តស្វាយរៀង ៖ ហេតុការណ៍ជិះម៉ូតូធ្លាក់ស្រែមួយបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ឧសភា នៅចំណុចផ្លូវកែងដើមពោធិ៍មួយស្ថិតនៅក្នុងភូមិចំណរត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើត្រូវបានគេស្គាល់ឈ្មោះលាន សេក ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ រងរបួសបាក់ធ្មេញអស់៦ បែកក្បាល ដាច់ច្រមុះ និងផ្ទៃមុខ ហើយត្រូវបានអ្នកដំណើរប្រទះឃើញនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗបន្ទាប់ពីកើតហេតុ ។
ទាក់ទិននឹងដំណើររឿងខាងលើនេះ ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុខ្លួន និងមិត្តភក្តិពីរបីនាក់ទៀតកំពុងអង្គុយផឹកស៊ីនៅផ្ទះរបស់ខ្លួនរហូតដល់ស្ពឹកមុខរៀងខ្លួន ស្រាប់តែមានមិត្តភក្តិម្នាក់ទៀតទូរស័ព្ទចូលមកទូរស័ព្ទរបស់ខ្លួនប្រាប់ថា ចង់មកផឹកដែរ តែគ្មានអ្វីជិះមកឱ្យទៅយករូបគេផង ។ ឮបែបនោះខ្លួន (លាន សេក) ក៏ឡើងជិះម៉ូតូរបស់ខ្លួនម៉ាកសាន់យ៉ាន់ ពណ៌ខៀវ អត់ស្លាកលេខ ធ្វើដំណើរតែម្នាក់ឯងឆ្ពោះទៅដឹកមិត្តភក្តិម្នាក់នោះ ប៉ុន្តែពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវកែងបត់ឆ្វេង និងមានដើមពោធិ៍ធំមួយនៅខាងស្តាំដៃផងនោះ ស្រាប់តែមានខ្មោចស្ត្រីម្នាក់ហោះចេញពីដើមពោធិ៍នោះមកចំពីមុខម៉ូតូរបស់ខ្លួនធ្វើឱ្យខ្លួនភិតភ័យយ៉ាងខ្លាំង ហើយក៏មូលហ្គ៊ែរទៅមុខក្នុងបំណងរត់គេចចេញពីខ្មោចស្រី្តនោះ ទើបបណ្តាលឱ្យម៉ូតូហោះចេញពីផ្លូវធ្លាក់ចូលគុម្ពោតព្រៃក្បែរស្រែសន្លប់លែងដឹងខ្លួនតែម្តង ។
ចំណែកឯស្ត្រីឈ្មោះរីម អាយុ៥១ឆ្នាំ ដែលត្រូវជាម្តាយជនរងគ្រោះបានអះអាងថា ដើមពោធិ៍នោះធ្លាប់មានស្ត្រីម្នាក់ទៅចង.កសម្លាប់់ខ្លួន ដោយសារតែរឿងស្នេហាកាលពីប៉ុន្មានឆ្នាំមុន ដូចនេះគាត់គិតថា ប្រហែលជាខ្មោចស្ត្រីម្នាក់នោះលងកូនគាត់ហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាសម្តីរបស់ស្ត្រីជាម្តាយម្នាក់ដែលស្រឡាញ់ និងចង់ការពារកូនខ្លួនប៉ុណ្ណោះ ប៉ុន្តែធាតុពិតពេលបញ្ជូនដល់មន្ទីរពេទ្យគ្រូពេទ្យនិយាយថា ជនរងគ្រោះធំក្លិនស្រាពេញខ្លួន ដែលបញ្ជាក់ថា គេស្រវឹងរហូតដល់វង្វេងវង្វាន់ទើបមើលឃើញអ្វីផ្តេសផ្តាសបែបនេះ ។ ខ្លួនឯងស្រវឹងហើយបើកបរមិនព្រមទទួលថា ខ្លួនឯងខុស បែរជាចោទខ្មោចដែលគ្នាមិនដឹងអីទៅវិញ៕
ចែករំលែកព័តមាននេះ