រាជធានីភ្នំពេញ ៖ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី១៩ ឧសភា មានរៀបចំធ្វើសន្និសីទកាសែតស្តីពីឱកាសការងារ ដើម្បីផ្សព្វផ្សាយអំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។ ក្នុងសន្និសីទកាសែតបាននិយាយឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សំដៅទៅលើមជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចដែលប្រមូលផ្តុំនូវសកម្មភាពឧស្សាហកម្មផលិតកែច្នៃនាំចេញ ពាណិជ្ជកម្មសេរី សេវាកម្មលំនៅឋាន និងទេសចរណ៍ ។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បង្កើតឡើងដោយក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ដែលជាក្រុមហ៊ុនឯកជនរវាងលោកជំទាវឧកញ៉ា លីម ឈីវហូរ និងក្រុមហ៊ុនហ្សេហ្វើមកពីប្រទេសជប៉ុន ។
គោលបំណងនៃការបង្កើតក្រុមហ៊ុននេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុនដែលទទួលបាននូវការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបង្កើតឱ្យមានការគោរពច្បាប់វិនិយោគ ច្បាប់ការងារ និងច្បាប់ដទៃទៀតដែលពាក់ព័ន្ធដោយឈរលើយន្តការច្រកចេញចូលតែមួយ ។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនវិនិយោកជាតិ និងអន្តរជាតិប្រមាណ៣០កំពុងវិនិយោគ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនរួមមានរោងចក្រប៊ីចេង (គ្រឿងផ្សំរសជាតិអាហារកែច្នៃ) អាជីណូម៉ូតូ មកពីប្រទេសជប៉ុន និងរោងចក្រកៃច្នៃម្ហូបអាហារមកពីប្រទេសហ្វ៊ីលីពីន រោងចក្រកាត់ដេរសម្លៀកបំពាក់ប្រពៃណីជប៉ុនប្រឹស៊ីឌីង ភ្នំពេញ មកពីប្រទេសជប៉ុន រោងចក្រផលិតម៉ូទ័រតូចបំផុតមីនេបៀ ខេមបូឌា មកពីប្រទេសជប៉ុន រោងចក្រស្បែកជើងមកពីប្រទេសជប៉ុន រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា រោងចក្រផលិតក្រដាសមកពីតៃវ៉ាន់ និងរោងចក្រចំណីសត្វមកពីប្រទេសចិន រោងចក្រកែច្នៃសរសៃដែក និងរោងចក្រផលិតសម្ភារប្លាស្ទិកមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី កូរ៉េ និងវៀតណាម ៕
ចែករំលែកព័តមាននេះ