ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ឈើអាចន្លោះចាប់ពី៣៥ទៅ៤០ម៉ែត្រ ត្រូវបានរឹបអូសនៅក្នុងក្រុមហ៊ុនចំការចេកមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ។

ទាក់ទិនករណីខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបកាលពីវេលាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមបទបញ្ជាពីលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដឹកនាំចុះផ្ទាល់ដោយលោក ជា សុភ័ក្ក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រោយតាមដាន និងស្រាវជ្រាវអំពីសកម្មភាពដឹកជញ្ជូនឈើពីប្រភពខាងក្រៅចូលទៅក្នុងក្រុមហ៊ុនចំការចេកខាងលើ។

បើតាមប្រភពព័ត៌មានពីអ្នកច្បាប់ បានលើកឡើងត្រួសៗថា ក្រុមហ៊ុនចំការចេកនោះ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ ឬដឹកជញ្ជូនផល អនុផលព្រៃឈើនោះទេ បើមានសិទ្ធិ ក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការឆ្លងកាត់ត្រួតពិនិត្យច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងច្បាប់ដឹកជញ្ជូនផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ ពុំមានឆ្លងកាត់ច្បាប់ណាមួយទេ ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជំនាញពាក់ព័ន្ធចុះបង្ក្រាបតែម្ដង។

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នាវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានប្រាប់ឱ្យដឹងថា ឈើទាំងនោះ គឺជាប្រភេទឈើក្រៅលំដាប់ថ្នាក់។ តាមការប៉ាន់ស្មាន មិនទាន់ជាផ្លូវការចន្លោះចាប់ពី៣៥ទៅ៤០ម៉ែត្រគូប។

មន្ត្រីជំនាញរូបនោះបន្តថា ឈើទាំងអស់នោះ គឺក្រុមហ៊ុនចំការចេក បញ្ជាទិញពីប្រភពខាងក្រៅដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះកម្មករ ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដដែលបន្តថាបច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការត្រួតពិនិត្យ និងធ្វើការវាស់វែងនៅឡើយ៕

ចែករំលែកព័តមាននេះ