ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ដឹកនាំ​អ្នក​សារព័ត៌មាន​ស្វែង​យល់​អំពី​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា

5 ខែ មុន
  • ភ្នំពេញ

ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ទស្សនកិច្ច​ផ្ទាល់ ដើម្បី​ស្វែង​យល់​អំពី​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា នា​ខេត្តកំពង់ធំ ខេត្តក្រចេះ និង

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ទស្សនកិច្ច​ផ្ទាល់ ដើម្បី​ស្វែង​យល់​អំពី​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា នា​ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តកំពង់ធំ​។

លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សហការ​ពី​សហភាព​អឺរ៉ុប (EU) អង្គការ GIZ អង្គការ ក្រសួងពាណិជ្ជកម្ម​ក្រសួងកសិកម្ម បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​៤០​នាក់ មក​ពី​៣០​ស្ថាប័ន ដើម្បី​ចុះ​ផ្ទាល់​ផ្តិត​យក​រូបភាព ក៏​ដូច​ជា​យក​ព័ត៌មាន​អំពី​ការ​ផលិតផល​គ្រាប់ស្វាយចន្ទី ចាប់ពី​ដំបូង រហូត​ដល់​ចេញ​ជា​ផលិតផល​សម្រាប់​នាំ​ចេញ​ទៅ​លក់​លើ​ទី​ផ្សាយ​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​។

លោក​ជំទាវ បាន​លើក​ឡើង​ថា ការ​ដែល​ក្រសួង ក៏​ដូច​ជា​ដៃគូរ​ដឹកនាំ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ផ្ទាល់​នេះ ដោយសារ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងកសិកម្ម បាន​ដាក់​ចេញ​គោលនយោបាយ​ស្វាយចន្ទី​។

លោក​ជំទាវ បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​វេទិកា​ស្វាយចន្ទី រៀបចំ​ឡើង​ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព និង​ឱកាស​សម្រាប់​ការ​វិនិយោគ​វិស័យ​ស្វាយចន្ទី​របស់​កម្ពុជា តាម​រយៈ​គំនិត​ផ្តួចផ្តើម​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ សហការ​ជាមួយ​ក្រសួងពាណិជ្ជ​កម្ម និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប ដើម្បី​បង្ហាញ​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា និង​ឈាន​ទៅ​ពង្រីក​សក្តានុពល​នៃ​វិស័យ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​។

លោក​ជំទាវ​បញ្ជាក់​ថា «​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​យប់​៤​ថ្ងៃនេះ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​នឹង​បាន​ឈ្វេងយល់​អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី ចាប់តាំងពី​ការ​ដាំ​ដុះ ការ​ប្រមូល​ផល រហូត​ដល់​ការ​កែ​ច្នៃ និង​សក្តានុពល​ទីផ្សារ​»​។

ជាង​នេះ​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ផ្តល់​នូវ​ការ​យល់​ដឹង​ទូលំទូលាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ក្នុង​ការ​លើកកម្ពស់​ផលិតកម្ម​ស្វាយចន្ទី ស្រប​ទៅ​តាម​គោលនយោបាយ​ជាតិ​ស្ដី​ពី​ស្វាយចន្ទី ឆ្នាំ​២០២២-២០២៧- ដាក់​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា ឈាន​ទៅ​ជា​អធិរាជ​ស្វាយចន្ទី​។

ដោយឡែក សហភាព​អឺរ៉ុប ដែល​ជា​អ្នក​ឧបត្ថម្ភ​ការ​រៀបចំ​កម្មវិធី​នេះ មាន​បំណង​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ចំពោះ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយ​សង្កត់ធ្ងន់​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​នេះ នឹង​បម្រើ​ជា​សក្ខីភាព​មួយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​គ្រាប់ស្វាយចន្ទី​ដែល​មាន​សក្តានុភាព និង​ភាព​រីក​ចម្រើន​។

យោង​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម​ផ្តល់​ដល់​អ្នក​សារព័ត៌​បាន​លើក​ឡើង​ថា គោលបំណង​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន គឺ​ដើម្បី​ផ្តល់​ការ​យល់​ដឹង​ស៊ីជម្រៅ​អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា ដល់​ក្រុម​សារព័ត៌មាន ដោយ​ធានា​ថា ពួក​គេ​នឹង​ទទួល​បាន​ចំណេះដឹង​ទូលំទូលាយ​អំពី​វិសាលភាព បញ្ហា​ប្រឈម និង​ឱកាស​នៃ​ឧស្សាហកម្ម​នេះ​។

ជំរុញ​កិច្ច​សហប្រតិបត្តិការ ដោយ​បង្កើត​បរិយាកាស​សហការ​ដែល​អ្នក​សារព័ត៌មាន អាច​ជួប​ប្រាស្រ័យ​​ផ្ទាល់​ជាមួយ​តំណាង​សំខាន់​ៗ​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​សមាជិក​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​អនាគត​របស់​ឧស្សាហកម្ម​គ្រាប់ស្វាយចន្ទី​។ លើកកម្ពស់​ភាព​ជោគជ័យ ក្នុង​ឧស្សាហកម្ម តាម​រយៈ​ការ​រំលេច និង​ផ្សព្វផ្សាយ​រឿងរ៉ាវ​ជោគជ័យ ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​គ្រាប់ស្វាយចន្ទី​ដល់​សាធារណជន​ក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ដោយ​មានការ​សហការ​ពី​សហភាព​អឺរ៉ុប​។

ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌​មានបាន​ស្ដាប់​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​សហគមន៍​ស្វាយចន្ទី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ រួម​មាន ៖ កសិករ អ្នក​កែ​ច្នៃ និង​អ្នក​នាំ​ចេញ​។ បង្កើន​គុណភាព​នៃ​ខ្លឹមសារ​ផ្សព្វ​ផ្សាយ តាម​រយៈ​ការ​ផលិត​ព័ត៌មាន​គ្រប់​ទម្រង់ ទាំង​អត្ថបទ សំឡេង និង​វី​ដេ​អូ ដែល​មាន​ខ្លឹមសារ​ទាក់ទង​នឹង​សហគមន៍​គ្រាប់ស្វាយចន្ទី និង​ខ្សែ​សង្វា​ក់​តម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​។

សូម​ជម្រាប​ថា ក្នុង​រយៈ​១០​ខែ​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​មិន​ទាន់​កែ​ច្នៃ​ប្រមាណ​៦០​ម៉ឺន​តោន ដោយ​តម្លៃ​ចាប់ពី​១២០០​ដុល្លារ ទៅ​១៩០០​ដុល្លារ​ក្នុង​មួយ​តោន​។ ផ្ទៃដី​ដាំ​ស្វាយចន្ទី​ជិត​៧០​ម៉ឺន​ហិ​កតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ