រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាប្រទេសនានាលើពិភពលោកគ្រោងនឹងធ្វើការជួបជុំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសថៃ នៅខាងមុខតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី២៨ និង៣០ ឧសភា ខាងមុខនេះ ។ នេះបើយោងតាមគេហទំព័រអេហ្វ ភី អុឹម អនឡាញ ដតណិត ចេញផ្សាយកាលពីថ្ងៃទី២០ ឧសភា ២០១១ កន្លងមកនេះ ។
គេហទំព័រដដែលបានបញ្ជាក់ថា បាតុកម្មនេះនឹងប្រព្រឹត្តធ្វើនៅខាងមុខតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ដោយស្នើឱ្យតុលាការអន្តរជាតិនេះធ្វើការថ្កោលទោសប្រទេសសៀមចំពោះការរំលោភទៅលើសាលក្រមឆ្នាំ១៩៦២ និងការបង្កសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ព្រមទាំងធ្វើឱ្យខូចខាតប្រាសាទព្រះវិហាររបស់ខ្មែរផងដែរ ។ ក្បួនបាតុករក៏នឹងធ្វើការដង្ហែទៅកាន់ស្ថានទូតថៃដោយមានការស្រែកជ័យឃោស ហើយពួកគេនឹងធ្វើការអានញត្តិរបស់ប្រជាពលរដ្ឋខ្មែរមកពីបណ្តាប្រទេសនានា ដែលធ្វើការទាមទារឱ្យសៀមបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនមកលើទឹកដីប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ នឹងបើកសវនាការលើបណ្តឹងវិធានការបន្ទាន់របស់កម្ពុជា នៅថ្ងៃទី៣០ និងថ្ងៃទី៣១ ឧសភា ២០១១ ក្នុងគោលបំណងដើម្បីកំណត់វិធានការជាបណ្តោះអាសន្នមួយ តាមពាក្យបណ្តឹងរបស់ប្រទេសកម្ពុជា ដែលសុំឱ្យចាត់ការករណីកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា នៅក្បែរតំបន់ប្រាសាទព្រះវិហារ ។ ចាប់តាំងពីថ្ងៃទី១៥ កក្កដា ២០០៨ រហូតមកដល់បច្ចុប្បន្នប្រទេសសៀមបានបង្កសង្គ្រាមឈ្លានពានទឹកដី និងប្រាសាទនានារបស់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ។
ក្នុងសង្គ្រាមឈ្លានពាននេះ ប្រទេសសៀមបានប្រើប្រាស់អាវុធធុនធ្ងន់ដែលពិភពលោកហាមឃាត់ ដូចការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់បែកដែលមានសារធាតុគីមីពុលមកលើកងទ័ពកម្ពុជា និងទីប្រជុំជនដែលប្រជាពលរដ្ឋស្លូតត្រង់កំពុងរស់នៅនោះថែមទៀត ៕
ចែករំលែកព័តមាននេះ