រាជធានីភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល បានប្រាប់កោះសន្តិភាពថា សម្រាប់ថ្ងៃទី១ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣នេះ មានមហាជន ដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅផ្តាសាយ ឈឺភ្នែក អស់កម្លាំង និងរាកមួលផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវាព្យាបាល ចំនួន ១៦៧៥នាក់ (ប្រុស ១៤៣៣នាក់ ស្រី ២៤២នាក់ )។
លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន បានមានប្រសាសន៍បន្តថា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូកមួយថ្ងៃ បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាល នៅតាមស្តង់ ដែលបានដាក់ពង្រាយ តាមមាត់ទន្លេមុខព្រះបរមរាជវាំង មានចំនួន ២០២៩នាក់ ក្នុងនោះ ប្រុសចំនួន១៧១៣នាក់ និងស្រី ៣១៦នាក់។
គួររំលឹកថា លោក ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ បានអោយដឹង កាលពីថ្ងៃថ្ងៃទី២៥ ខែវិច្ឆិកាថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល មានចំនួនជាង ២ពាន់នាក់ និងរថយន្តសង្គ្រោះ តាមគោលដៅចំនួន ៧០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង ផ្តល់សេវា ២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន ១៥កន្លែងផ្សេងៗគ្នា នៅតាមទីតាំងកំណត់ ដូចជា ១. រថយន្តគ្លីនិកចល័ត ៤ គ្រឿង នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆា មណ្ឌល OCIC នៅទីតាំងជ្រោយចង្វា នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ និងនៅទីតាំងវត្តភ្នំ៕









ចែករំលែកព័តមាននេះ