ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការិនី​រង​ទឹក​អាស៊ី​តរបួស​ធ្ងន់​សង្ស័យ​ស្នេហាត្រីកោណ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់​ដោយ​សារ​​ជន​មិន​ស្គាល់​មុខ​២​នាក់​​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​បុរស​ម្នាក់​ចេញ​ពី​ហាង​​ស៊ុប​មួយ​កន្លែង​ស្ថិត​នៅ​ម្តុំ​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ឧសភា នៅ​មុខ​រោង​ចក្រ​កាត់​ដេរ​គង់ ហុង ក្បែរ​​វិហារ​ចិន

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់​ដោយ​សារ​​ជន​មិន​ស្គាល់​មុខ​២​នាក់​​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ជា​មួយ​បុរស​ម្នាក់​ចេញ​ពី​ហាង​​ស៊ុប​មួយ​កន្លែង​ស្ថិត​នៅ​ម្តុំ​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ឧសភា នៅ​មុខ​រោង​ចក្រ​កាត់​ដេរ​គង់ ហុង ក្បែរ​​វិហារ​ចិន (តាកំប៉ោង) ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

តាម​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​ខណ្ឌ​សែន​សុខ​ដែល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា ​កម្ម​ការិនី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវអ៊ី ពណ៌​ខ្មៅ ជា​មួយ​​បុរស​ម្នាក់​ចេញ​ពី​ហាង​ស៊ុប​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក។ ស្ត្រី​រង​គ្រោះ​នេះ​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា ជា​កម្ម​ការិនី​រោង​ចក្រ​មិថុនា ចំណែក​បុរស​ដែល​ឌុប​នាង​​ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រុស​ស្នេហ៍។ ​ពេល​​នាង​ជិះ​ម៉ូតូ​ជា​មួយ​​បុរស​នោះ​​មក​ដល់​ចំណុច​​ខាង​លើ ​ក៏​បាន​ឈប់​ម៉ូតូ​​ ហើយ​បុរស​នោះ​បាន​​ចូល​បត់​ជើង​តូច ឯនាង​អង្គុយ​ចាំ​លើ​ម៉ូតូ។ លុះ​ពេល​បត់​ជើង​តូច​រួច​​បុរស​នោះ​បាន​ឌុប​នាង​បន្ត​ទៀត ប៉ុន្តែ​ពេល​​ចេញ​​ដំណើរ​បន្ត​បាន​​ប្រមាណ​១០​ម៉ែត្រ​ ស្រាប់​តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​វីវ៉ា​មក​ក្បែរ​ហើយ​ធ្វើ​សកម្ម​ភាព​ជះ​ទឹក​អាស៊ីត​ទៅ​លើ​នាង​កម្ម​ការិនី រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ។

មន្ត្រី​ប៉ូលិស​បន្ត​ទៀត​ថា នៅ​កន្លែង​កើត​ហេតុ​ប៉ូលិស​បាន​រក​ឃើញ​កា​ដង​ទឹក​១​​ដែល​ប្រហែល​ជា​ជន​ល្មើស​ដាក់​ទឹក​អាស៊ីត​ក្នុង​កា​ទឹក​​នោះ​ជះ​ទៅ​លើ​ជន​រង​គ្រោះ​។ ចំពោះ​ជន​រង​គ្រោះ​​ជា​​កម្ម​ការិនី​​វិញ​បាន​រង​របួស​ធ្ងន់​លើ​ផ្ទៃ​មុខ និង​ដើម​ទ្រូង ចំណែក​ឯ​បុរស​ដែល​បើក​ម៉ូតូ​រង​របួស​ស្រាល ដោយ​ទឹក​អាស៊ីត​ជះ​ត្រូវ​ដៃ​តិច​តួច​បំផុត។ តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​​និយាយ​ថា នារី​រង​គ្រោះ​​កុំ​តែ​បាន​អាវ​ជួយ​ និង​អ្នក​ជិត​ខាង​ជួយ​ជះ​ទឹក​​លាង​កុំអី​រង​របួស​កាន់​តែ​ធ្ងន់​​ធ្ងរ។

មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា កម្ម​ការិនី​រង​គ្រោះ​ឈ្មោះ​អ៊ាង សុភាច អាយុ​២៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ បច្ចុ​ប្បន្ន​ធ្វើ​ការ​នៅ​រោង​ចក្រ​មិថុនា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។ ចំណែក​​បុរស​​ដែល​នាង​ជិះ​ម៉ូតូ​ជា​មួយ​ឈ្មោះ​សោម សុផល អាយុ​៤០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃ​វែង ​មាន​ប្រពន្ធ​ និង​កូន​រួច​ទៅ​ហើយ តែ​បាន​​មក​ទាក់​ទង​ជា​មួយ​នាង​​រយៈ​​ពេល​ជាង​១​ឆ្នាំហើយ។ ​ប៉ូលិស​​បាន​សន្និ​ដ្ឋាន​ថា បញ្ហា​ខាង​លើ​អាច​កើត​ឡើង​ដោយ​សារ​ស្នេហា​ត្រី​កោណ ហើយ​​កំពុង​​ស្រាវ​ជ្រាវ​រក​ជន​ដៃ​ដល់​ដើម្បី​នាំ​​ខ្លួន​មក​ផ្ទន្ទា​ទោស៕