រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពី FBI បានបើកការិយាល័យអនុព័ន្ធច្បាប់នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា FBI បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលជាតិលើកិច្ចការជាច្រើនដែលរួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ពង្រឹងសន្តិសុខជាតិ និងតំបន់ រួមទាំងការងារបណ្តុះបណ្តាលជំនាញដល់កម្លាំងប្រតិបត្តិការផងដែរ។
លោកឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិមានប្រសាសន៍ឱ្យដឹងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២០ ឧសភា ថា FBI និងនគរបាលជាតិកម្ពុជា បានរួមសហការគ្នាយ៉ាងជិតស្និទ្ធលើការងារបង្ក្រាប និងប្រឆាំងភេរវកម្ម សំដៅពង្រឹងសន្តិសុខជាតិនៃប្រទេសទាំង២ សន្តិសុខក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនោះក៏នៅតែមានការងារបណ្តុះបណ្តាលផងដែរ ដូចជា FBI បានជួយបណ្តុះបណ្តាលការងារជំនាញដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ដោយបញ្ជូនទៅរៀននៅបណ្ឌិតសភា FBI សហរដ្ឋអាមេរិក និងវគ្គជំនាញសម្ភាសន៍សួរចម្លើយជាដើម។
លោកឧត្តមសេនីយ៍ឯកសុខ ផល បានបញ្ជាក់ថា លើកិច្ចសហការរួមគ្នាក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀន ការចរាចរលុយក្លែងក្លាយ ការចាប់បញ្ជូនឧក្រិដ្ឋជនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ការទប់ស្កាត់ទេសចរផ្លូវភេទ និងបទល្មើសផ្សេងៗទៀត។ លោកបន្ថែមថា ដោយមានកិច្ចសហការគ្នាប្រកបដោយលទ្ធផលផ្លែផ្កាកន្លងមកនោះ បន្តទៅថ្ងៃមុខទៀត FBI និងនគរបាលជាតិ នឹងនៅតែបន្តកិច្ចសហការនោះឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីសម្រេចនូវការងារសំខាន់ៗជូនប្រទេសយើងទាំង២ និងការងារសន្តិសុខទូទៅ។
លោក Patrick Gibbons ប្រធាន FBI ប្រចាំកម្ពុជាមានប្រសាសន៍ថា ដោយមានការគាំទ្រពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីកម្ពុជា អគ្គស្នងការនគរបាលជាតិ និងការចូលរួមដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាង FBI និងនគរបាលជាតិកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន និងគួរជាទីមោទនៈសម្រាប់ប្រទេសយើងទាំង២ កម្ពុជា-អាមេរិក។
លោក Patrick បានបញ្ជាក់ឡើងវិញផងដែរ អំពីវគ្គបណ្តុះបណ្តាលកន្លងទៅនេះលើផ្នែកជំនាញសម្ភាសន៍ដល់កងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ គឺមិនគ្រាន់តែបង្ហាញនូវការលើកកម្ពស់សមត្ថភាពជំនាញប៉ុណ្ណោះទេ តែគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិ និង FBI។ លោកសង្ឃឹមថា បន្ទាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងទៅនេះ ប្រាកដណាស់នឹងជំរុញការងារកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀតនាពេលអនាគត។
ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក សុខ ផល បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង FBI និងកម្លាំងនគរបាលជាតិកម្ពុជា ក៏ជួបការលំបាកជាច្រើនផងដែរ ដូចជាករណីបង្ក្រាបឧក្រិដ្ឋជនឆ្លងដែនដែលទាមទារឱ្យមានសមត្ថភាពយល់ដឹងសកលឱ្យបានខ្ពស់ថែមទៀតសម្រាប់កម្លាំងរបស់យើង។ ប៉ុន្តែអ្វីដែលធ្វើឱ្យកិច្ចប្រតិបត្តិការយើងទទួលបានជោគជ័យកន្លងមកនេះ គឺអាស្រ័យដោយកិច្ចសហប្រតិបត្តិការជាមួយ FBI ដែលគេមានសមត្ថភាព និងបទពិសោធន៍ច្រើន ដំណាលគ្នានឹងកងកម្លាំងរបស់យើងបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញ និងដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់ផងដែរ។
មន្ត្រីអង្គភាព FBI និងនគរបាលជាតិកម្ពុជាសុទ្ធតែបានអះអាងថា ដោយមានកិច្ចសហការគ្នា និងបទពិសោធន៍ក្នុងការងារជាក់ស្តែងកន្លងមក យើងរំពឹងថា ប្រតិបត្តិការប្រឆាំងភេរវកម្មការជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត សំខាន់កិច្ចការសន្តិសុខជាតិ នឹងទទួលបានជោគជ័យមិនខាន៕
ចែករំលែកព័តមាននេះ