ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល និង​ហាម៉ាស់​ត្រៀម​ដូរ​ចំណាប់​ខ្មាំង និង​អ្នក​ទោស​ថែម​ទៀត

8 ខែ មុន

ហ្កាហ្សា​ស្ទ្រីប៖ ​ក្រុម​ហាម៉ាស់​ត្រៀម​ដោះ​លែង​ចំណាប់​ខ្មាំង​នៅ​វគ្គ​ទី​២​ជា​បន្ត​ទៀត​នៅ​យប់​​ថ្ងៃ​សៅរ៍​​​ដើម្បី​ជា​ថ្នូរ​​​ដែល​អ៊ីស្រា​អែល​យល់​ព្រម​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​មួយ​ចំនួន​។ បើ​ដូច្នេះ​មែន វា​ជា​ការ​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ដែល​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ផ្លូវ​សាច់​ញាតិ​របស់​ខ្លួន​​ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​រយៈ​ពេល​៧​សប្ដាហ៍​មក​ហើយ​។​ ​កាតា​ ក្នុង​នាម​ជា​​អ្នក​សម្រុះ​សម្រួល​នៅ​ក្នុង​រឿង​នេះ​ នឹង​ប្រកាស​អំពី​ចំនួន​អ្នក​ទោស​ដែល​​ត្រូវ​ដោះ​លែង​ពី​ពន្ធនា​គារ​អ៊ី​​ស្រា​អែល ​និង​ចំនួន​ចំណាប់​ខ្មាំង​ដែល​ត្រូវ​ដោះ​លែង​។ នេះ​ជា​ការ​ដូរ​គ្នា​លើក​ទី​២​ចាប់​តាំង​ពី​អ៊ីស្រាអែល និង​ហាម៉ាស់​យល់​ព្រម​ផ្អាក​ប្រយុទ្ធ​គ្នា​រយៈ​ពេល​៤​ថ្ងៃ​​ដែល​​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​សុក្រ​។…

ហ្កាហ្សា​ស្ទ្រីប៖ ​ក្រុម​ហាម៉ាស់​ត្រៀម​ដោះ​លែង​ចំណាប់​ខ្មាំង​នៅ​វគ្គ​ទី​២​ជា​បន្ត​ទៀត​នៅ​យប់​​ថ្ងៃ​សៅរ៍​​​ដើម្បី​ជា​ថ្នូរ​​​ដែល​អ៊ីស្រា​អែល​យល់​ព្រម​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​មួយ​ចំនួន​។ បើ​ដូច្នេះ​មែន វា​ជា​ការ​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ដែល​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ផ្លូវ​សាច់​ញាតិ​របស់​ខ្លួន​​ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​រយៈ​ពេល​៧​សប្ដាហ៍​មក​ហើយ​។​

​កាតា​ ក្នុង​នាម​ជា​​អ្នក​សម្រុះ​សម្រួល​នៅ​ក្នុង​រឿង​នេះ​ នឹង​ប្រកាស​អំពី​ចំនួន​អ្នក​ទោស​ដែល​​ត្រូវ​ដោះ​លែង​ពី​ពន្ធនា​គារ​អ៊ី​​ស្រា​អែល ​និង​ចំនួន​ចំណាប់​ខ្មាំង​ដែល​ត្រូវ​ដោះ​លែង​។ នេះ​ជា​ការ​ដូរ​គ្នា​លើក​ទី​២​ចាប់​តាំង​ពី​អ៊ីស្រាអែល និង​ហាម៉ាស់​យល់​ព្រម​ផ្អាក​ប្រយុទ្ធ​គ្នា​រយៈ​ពេល​៤​ថ្ងៃ​​ដែល​​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​សុក្រ​។ ​នៅ​លើ​សមរភូមិ​ភាគ​ច្រើន​ពិត​ជា​ស្ងាត់​គ្រាប់​កាំ​ភ្លើង​​។​​

​អ៊ីស្រាអែល​ថ្លែង​ថា​ចំណាប់​ខ្មាំង​១៤​នាក់​នឹង​ត្រូវ​ដោះ​លែង​នៅ​យប់​ថ្ងៃ​សៅរ៍​​។ ជា​ថ្នូរ​ត្រឡប់​ទៅ​វិញ អ៊ីស្រាអែល​នឹង​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​៤២​នាក់​​។ កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ទី១​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​២៤​នាក់​។ ក្នុង​នោះ ​​​មាន​ស្ត្រី​ និង​កុមារ​អ៊ីស្រាអែល​​​១៣​នាក់​, ​​​​ជន​ជាតិ​ថៃ​១០នាក់ និង​ជន​ជាតិ​ហ៊្វីលីពីន​ម្នាក់​។

តាម​រយៈ​វីឌីអូ​ឃ្លីប​រយៈ​ពេល​២​នាទី​ដែល​បញ្ចេញ​ដោយ​ក្រុម​ហាម៉ាស់​ គេ​ឃើញ​​​ក្រុម​យុទ្ធ​ជន​​ហាម៉ាស់​​ឃ្លុំ​មុខ​ជិត​, ​​ដៃ​កាន់​កាំ​ភ្លើង​វែង, ស្លៀក​ពាក់​ឈុត​ប៉ារ៉ា និង​ឈុត​ខ្មៅ និង​ពាក់​ឈ្នួត​​ក្បាល​ពណ៌​ខៀវ​។ ពួក​គេ​បណ្ដើរ​ចំណាប់​ខ្មាំង​ទៅ​ប្រគល់​ឱ្យ​ភ្នាក់​ងារ​កាក​បាទ​ក្រហម​។​ ​ចំណែក​អ៊ីស្រាអែល​ដោះ​លែង​អ្នក​ទោស​ប៉ាឡេស្ទីន​៣៩​នាក់​​ដែល​ជា​ស្ត្រី និង​កុមារ​ប្រគល់​ទៅ​ឱ្យ​​អ្នក​សម្រុះ​សម្រួល​។​​​

លោក​បៃដិន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋ​ម៉ាសាឈូសេត​ថា​​ទោះ​បី​ទើប​តែ​ចាប់​ផ្ដើម​ក៏​ដោយ ក៏​​អ្វី​ៗ​អាច​ដំណើរ​ការ​ដោយ​រលូន​​​។ លោក​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ដើម្បី​ចូល​រួម​ពិធី​អរ​គុណ​ម្ចាស់​ទឹក​ម្ចាស់​ដី ឬ​ស៊ែង​ហ្គីវ​វីង (Thanksgiving)​។ ​យោ​ងតាម​លោក​បៃដិន, ​​ពេល​វេលា​បង្ហាញ​ច្បាស់​ថា​អាច​​នឹង​​​អូស​បន្លាយ​ពេល​នៃ​បទ​ឈប់​បាញ់​​ជា​បន្ត​ទៀត​​ក្រោយ​រយៈ​ពេល​៤​ថ្ងៃ​​​​​។​​ លោក​​ជំរុញ​ឱ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​ទូលំ​ទូលាយ​មួយ​ដើម្បី​ចាក​ចេញ​ពី​វិបត្តិ​នេះ​​ឱ្យ​ជ្រះ​ស្រឡះ​ដោយ​បង្កើត​រដ្ឋ​អ៊ីស្រា​អែល និង​រដ្ឋ​ប៉ាឡេស្ទីន​​ដែល​អាច​រួម​រស់​នៅ​ក្បែរ​​​គ្នា​ដោយ​សុខ​ដុម​រម​នា​។

ឥឡូវ​នេះ ​នៅ​សល់​ចំណាប់​ខ្មាំង​ប្រហែល​២១៥​នាក់​ទៀត​​​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​ លោក​ដូរ៉ុន ស្ពាល​មេន (Doron Spielman)​។ លោក​ថ្លែង​ថា​យើង​មិន​ទាន់​ដឹង​ច្បាស់​​អំពីជោគ​វាសនា​របស់​ពួក​គេ​ទេ​។ មិន​ដឹង​ថា​ពួក​គេ​នៅ​រស់​ទាំង​អស់​ ឬ​ស្លាប់​ខ្លះ​ហើយ​។ យើង​កំពុង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។​

គិត​ទៅ​ធ្មេច​បើក​ ធ្មេច​បើក​ សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​​ហាម៉ាស់​កើត​ឡើង​ជាង​២​ខែ​ហើយ​ ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​​១៥០០០​​​នាក់​នៅ​តំបន់​ហ្កាហ្សា​ និង​ជាង​១២០០​នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​។ ប៉ុន្តែ​ដោយ​សារ​មាន​ការ​សម្រុះ​សម្រួល​គ្នា​ផ្នែក​ការ​ទូត​ ភាគី​ទាំង​២​យល់​ព្រម​ដូរ​ចំណាប់​ខ្មាំង​៥០​នាក់​ ជា​មួយ​អ្នក​ទោស​ប៉ាឡេស្ទីន​១៥០​នាក់​ និង​ផ្អាក​បាញ់​គ្នា​រយៈ​ពេល​៤​ថ្ងៃ​។ ប្រភព​ខ្លះ​ឱ្យ​ដឹ​ង​ថា​នៅ​អំឡុង​ពេល​ផ្អាក​ប្រយុទ្ធ​គ្នា​នេះ ប្រទេស​នានា​ក៏​កំពុង​ចរ​ចា​បន្ថែម​​ទៀត​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​​។ ភាគី​ដែល​ចូលរួម​សកម្ម​​នៅ​ក្នុង​ការ​ចរចា​មាន​ដូច​ជា​អាមេរិក​ អ៊ីស្រាអែល​ ហាម៉ាស់ កាតា និង​អេហ្ស៊ីប​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/world/israel-hamas-free-hostages-new-wave-gaza-3945436

ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​១០នាក់ និង​ជន​ជាតិ​ហ៊្វីលីពីន​ម្នាក់​ដែល​ដោះ​លែង​កាល​ពី​​យប់​ថ្ងៃ​សុក្រ​។​
ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ត្រូវ​ដោះ​លែង​កាល​ពី​យប់​ថ្ងៃ​សុក្រ។​
ទិដ្ឋ​ភាព​នៅ​មុខ​ពន្ធ​នាគារ​ប្រទេស​អ៊ីស្រាអែល​។ កាក​បាទ​ក្រហម​ប្រទេស​កាតា​ទៅ​ទទួល​យក​អ្នក​ទោស​ប៉ាឡេស្ទីន​ដើម្បី​ដូរ​គ្នា​ជា​មួយ​ចំណាប់​ខ្មាំង​។
ទិដ្ឋ​ភាព​នៅ​មុខ​ពន្ធ​នាគារ​ប្រទេស​អ៊ីស្រាអែល​។ កាក​បាទ​ក្រហម​ប្រទេស​កាតា​ទៅ​ទទួល​យក​អ្នក​ទោស​ប៉ាឡេស្ទីន​ដើម្បី​ដូរ​គ្នា​ជា​មួយ​ចំណាប់​ខ្មាំង​។
ទិដ្ឋ​ភាព​នៅ​មុខ​ពន្ធ​នាគារ​ប្រទេស​អ៊ីស្រាអែល​។ កាក​បាទ​ក្រហម​ប្រទេស​កាតា​ទៅ​ទទួល​យក​អ្នក​ទោស​ប៉ាឡេស្ទីន​ដើម្បី​ដូរ​គ្នា​ជា​មួយ​ចំណាប់​ខ្មាំង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ