១ករណីទៀតនៅខេត្តកំពត កុមារីឆ្លងជំងឺផ្តាសាយបក្សី ក្រោយកាន់មាន់ងាប់
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី H5N1…
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី H5N1…
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានប្រកាសរកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី H5N1 កើតលើកុមារី អាយុ០៤ឆ្នាំម្នាក់ទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នា ក្បែរផ្ទះជាមួយស្ត្រីអាយុ២១ឆ្នាំម្នាក់ នៅខេត្តកំពត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណីទៀត កើតលើក្មេងស្រីអាយុ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ។
ក្រសួងបានបន្តថា ករណីក្មេងស្រីខាងលើនេះ មានផ្ទះនៅក្បែរ ករណីស្ត្រីអាយុ២១ឆ្នាំ ដែលបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានរកឃើញតាមរយៈការស្វែងរកសកម្ម នៅភូមិកើតហេតុ ដោយក្រុមឆ្លើយតបបន្ទាន់ចម្រុះពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប៉ូលិស ។
ក្រសួងបានឲ្យដឹងទៀតថា តាមការសាកសួរ បង្ហាញថា នាងបានកាន់មាន់ងាប់ និងចាប់ផ្ដើមឈឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ក្អក និងចេញកន្ទួលក្រហម កុមារទទួលការព្យាបាលដោយផ្ដល់ឱសថ តាមីប្លូ (Tamiflu) និងត្រូវបានបញ្ជូនមកពិនិត្យព្យាបាល និងថែទាំបន្តនៅមន្ទីរពេទ្យខេត្តកំពត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ។
ជាមួយគ្នានោះដែរ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ូលិស និងអង្គការដៃគូខាងលើ បន្តអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើង នូវជំងឺផ្តាសាយបក្សីប្រភេទទាំង២ ដែលបានកើតឡើង និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីប្លូ (Tamiflu) ដល់អ្នកប៉ះពាល់ ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលកើតហេតុខាងលើ ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃ ចាប់ផ្តើមមានរោគសញ្ញា សូមមេត្តាកុំទៅជួបជុំ ឬទៅទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់ទាន់ពេលវេលា ។
ក្រសួងក៏បានលើកឡើងពីរបៀបចម្លង ៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។
ចំណែកឯវិធានការបង្ការ ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន ៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សី ដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ ៕
ចែករំលែកព័តមាននេះ