ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ប្រកាស​រក​ឃើញ​ស្ត្រី​ម្នាក់ ឆ្លង​ជំងឺ​ផ្តា​យ​សាយ​បក្សី នៅ​ខេត្តកំពត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​រក​ឃើញ​ស្ត្រី​ម្នាក់ ឆ្លង​ជំងឺផ្តាសាយបក្សី នៅ​ខេត្តកំពត បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​រក​ឃើញ​ស្ត្រី​ម្នាក់ ឆ្លង​ជំងឺផ្តាសាយបក្សី នៅ​ខេត្តកំពត បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ជំងឺផ្តាសាយបក្សី ចំនួន​០១​ករណី​ទៀត កើត​លើ​ស្ត្រី​អាយុ​២១​ឆ្នាំ និង​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ិ​ន​១ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​ឬ​ស្សី ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត​។

ក្រសួង​បាន​បន្ត​ថា តាម​ការ​សាកសួរ​បង្ហាញ​ថា ប្រហែល​មួ​យស​ប្តា​ហ៍​មុន មាន​មាន់​ងាប់​ច្រើន​ជា​បន្តបន្ទាប់ នៅផ្ទះ និង​ក្នុងភូមិ កើតហេតុ​។ អ្នកជំងឺ បាន​ចាប់ផ្ដើម​ឈឺ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់​មក​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម រួម​មាន​គ្រុនក្តៅ ពិបាក ដកដង្ហើម និង​ក្អក​ទើប​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ស្ថិត​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ដោយ​មានការ​ថែទាំ យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមការងារ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន អង្កេត​ស្រាវជ្រាវ​ការ កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី​ប្រភេទ​នេះ និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស ក្នុង​ការ​ស្វែងរក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី ទប់ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ​ទៀត ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ តា​មឺ​ហ្គូ (Tamiflu) ដល់​អ្នក​ប៉ះពាល់ ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ អប់រំ​សុខភាព ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ដែល កើតហេតុ​ខាងលើ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង ហើយ​ក៏​សូម​ជម្រាប​ដល់​បងប្អូន ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន ដែល​មាន​មនុស្ស​អ​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល នៅ​តាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​លោក​អ្នក​បំផុត បាន​ទាន់​ពេលវេលា ។

ក្រសួង​បាន​លើក​ឡើង​ពី​របៀប​ចម្លង​ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី ឈឺ ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ពី​បក្សី ទៅ​មនុស្ស តាម​ការ​ប៉ះពាល់​ជិត ស្និទ្ធ​ជាមួយ​បក្សី ដែល​ឈឺ​ឬ​ស្លាប់​។ ជំងឺផ្តាសាយបក្សី លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មានការ​ធ្វើការ​ព្យាបាល​នៅ មន្ទីរពេទ្យ​ទាន់​ពេលវេលា​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា អាច​បំប្លែង​ខ្លួន​អាច​ឆ្លង ដូចនឹង​ជំងឺ​ផ្តា សាយ​តាម​រដូវ​កាល​ផង​ដែរ ។

ចំណែក​វិធានការ​បង្ការ សារ​អប់រំ​របស់​រាជរដ្ឋាភិបាល រួម​មាន ៖ លាងដៃ​ឲ្យ បាន​ញឹក ញាប់ ជាមួយ​សាប៊ូ​និង​ទឹក​មុន​ពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​បក្សី ដាក់​កុមារ​នៅ ឆ្ងាយ​ពី​សត្វ​បក្សី និង ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ សត្វ​បក្សី​ឈឺ​ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​សម្រាប់ បរិភោគ​ត្រូវ​ចំអិន​ឱ្យ​ឆ្អិន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ