រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារ នូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសសេសប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះ ចំនួនជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូក មានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធម ជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះ ត្រូវបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ ។
ថ្លែងនៅក្នុងពិធី ចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួលខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ។
លោកបានបញ្ជាក់ថា «ខ្ញុំសូម ឱ្យកងកម្លាំងយើងទាំងអស់យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេស មានទំនុកចិត្ត និងជឿជាក់ មកលើកងកម្លាំងរបស់យើង ជារៀងរហូតមក និងសូមកម្លាំងទាំងអស់គ្នា យកស្មារតី និងទំនុកចិត្តរបស់ពួកគាត់(ប្រជាពលរដ្ឋ)នេះ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ការពារពួកគាត់ឱ្យបានល្អប្រសើរ ទៅតាមទុកចិត្តរបស់ពួកគាត់មកលើពួកយើង។ ហើយបងប្អូនកងកម្លាំងទាំងអស់ យកស្មារតីនេះ ទទួលខុសត្រូវ និងធ្វើកិច្ចការងារឱ្យចំជាកងកម្លាំង នៃព្រះរាជាណាចក្រកម្ពុជា» ។
បើតាមលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកងកម្លាំងការពារ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដែលមកដល់ពេលនេះ កងម្លាំងគ្រប់ជាន់ថ្នាក់ បានត្រៀមខ្លួន រួចជាស្រេច ទាំងកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធានាសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមកលេងកម្សាន្ត ឲ្យកាន់តែសប្បាយរីករាយ ។
អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង ធ្វើកិច្ចការងាររក្សា ជូនប្រជាពលរដ្ឋសន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ។
លោកបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ ជាងនេះទៅទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ការបានត្រៀមលក្ខណៈ ក្នុងការរៀបចំទំនុកបម្រុងជាទឹក ដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ ៕






ចែករំលែកព័តមាននេះ