ខេត្តរតនគិរី ៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុករៀបចំឡើងដោយខេត្តរដ្ឋបាលខេត្តរតនគិរីរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នារមណីយដ្ឋានបឹងកន្សែង គឺត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមវត្តមានឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ បានប្រព្រឹត្តទៅយ៉ាងរលូន ត្រចះត្រចង់ ពោរពេញទៅដោយសម្រែកហ៊ោកញ្ជ្រៀវ សប្បាយរីករាយ ញញឹមញញែមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំង៣៦ទូកផងដែរ ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីបានបង្ហាញថា ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុករយៈពេល២ថ្ងៃ នៅបឹងកន្សែង មានប្រជាពលរដ្ឋក្នុងខេត្តមានការចូលទស្សនា ចំនួន៤៨,២០៩នាក់, ភ្ញៀវទេសចរជាតិម៩,៨៩៣នាក់,និងភ្ញៀវអន្តរជាតិ៩១៧ នាក់។
សរុបរួម ៥៩,០១៩នាក់ ។

ក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នៅបឹងកន្សែងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដែលជាថ្ងៃទី២ នៃពិធីបុណ្យឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀតបានព្រលែងកូនត្រី គល់រាំង,ត្រីកាបស៊ីស្មៅ និងត្រីត្រសក់ សរុបប្រមាណ៤ម៉ឺនក្បាលចូលទៅក្នុងបឹងកន្សែងផងដែរ។

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការរៀបចំផលិតទូក និងសម្រិត សម្រាំង តុបតែងទូកបានល្អ ព្រមទាំងមានកីឡាករ កីឡាការិនីឆ្នើមៗ ដែលមានកម្លាំងខ្លាំងខ្លាប្រកប ដោយថាមពល និងមានបច្ចេកទេសគ្រប់គ្រាន់ ដែលធ្វើឲ្យពិធីប្រណាំងទូកនាឆ្នាំនេះបានដំណើរការ ទៅដោយរលូន និងទទួលបានជោគជ័យស្របតាមកម្មវិធីដែលបានគ្រោងទុក។

ថ្លែងអំណរគុណដលគណៈកម្មការរៀបចំពិធីប្រណាំងទូក និងគ្រប់ អនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមសហការបានល្អ ទាំងការងារតុបតែងលម្អភ្លើងពណ៌ ការរៀបចំប្រទីប ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងាររៀបចំបច្ចេកទេសប្រណាំងទូក ការផ្សព្វផ្សាយព័ត៌មាន ការរៀបចំស្តង់ ពិព័រណ៍បង្ហាញនិងលក់ផលិត្តផលនានាក៏ដូចជាសំអាតអនាម័យបរិស្ថានជុំវិញនោះទៀតផង៕ ។



ចែករំលែកព័តមាននេះ