ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីក្រសួងការងារ ៖ គោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ 

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា គោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍…

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា គោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ ម៉ឺននាក់ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

ឯកឧត្តមបានគូសបញ្ជាក់ថា មួយក្នុងចំណោមការងារអាទិភាពទាំង ៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ។ 

ឯកឧត្តមបានលើកឡើងថា ក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ច និងម្ចាស់សួនឧស្សាហកម្ម ម្ចាស់រោងចក្រ សហគ្រាស គិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើងដែលមានកូនតូច ពិសេសរយៈពេល ៣ ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ។ 

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វកិច្ចបង្កើតឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ និងមើលថែបន្ទប់ទាំងអស់នោះ ក៏ដូចជាមើលថែទារកផងដែរ ដែលក៏ជាចំណាយមួយរបស់និយោជក ហើយការផ្តល់សេវានោះទៀតសោត ក៏មិនមែនជាការផ្ដល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍ ឬមត្តេយ្យ សហគមន៍ ដោយក្នុងនោះនិយោជកនឹងបង្វែរថវិកាដែលខ្លួនធ្លាប់តែប្រើសម្រាប់ដំណើរការបន្ទប់ថែទាំទារករបស់ខ្លួននេះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍នេះវិញ ។ 

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាន និង            មត្តេយ្យសហគមន៍នេះ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ និងទទួលបានកម្មវិធីអប់រំកុមារតូចតាំងពីបឋមវ័យ រហូតដល់កម្រិតបឋម ក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់» ។ 

ឯកឧត្តមសង្ឃឹមថា យ៉ាងមុតមាំថា កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតនឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់ ។ អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មកនិយោជិតដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិតផងដែរ ។  

សម្រាប់កម្មការិនីឈ្មោះ វ៉ា ស្ងួនបូរី បានគាំទ្រគោលនយោបាយនេះព្រោះការបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍ នឹងបង្កលក្ខណៈងាយស្រួលដល់កម្មការិនីដែលមានកូនតូចបានធ្វើការពេញដៃពេញជើង ។ កម្មការិនីរូបនេះនិយាយថា ៖ «រាល់ថ្ងៃយើងត្រូវអស់ថ្លៃជួលផ្ទះ បើជួលអ្នកមើលកូនទៀតទប់ទល់អត់ការចំណាយអត់រួចទេ ចឹងភាគច្រើនកម្មករយើងផ្ញើកូនឲ្យម្តាយមើលនៅស្រុក ឬអ្នកជិតខាងជួយមើលថែ» ៕ អត្ថបទសហការ