ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ី​ហ៊ុន​គ្នា​៖ ១០​ចំណុច​ដើម្បី​កុំអោយ​ខាត​ឡុង​ចុង

1 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បី​អោយ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ និង​ដំណើរការ​ទៅ​មុខ​បាន​រលូន ​និង​រីក​ចំរើន​ទៅ​មុខជា​បន្ត​បន្ទាប់ ដៃគូអាជីវកម្ម​ដាច់ខាត​ត្រូវ​តែ​មាន​ ។ ប៉ុន្តែ​ការ​ចាប់​ដៃគូ​កសាង​អាជីវកម្ម​មួយ មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ ។ ដើម្បី​ជួយ​ជា​គំនិត​សម្រួល​ដល់​ការ​លំបាក​មួយ​នេះ កម្មវិធី​លុយ​អាច​ជួយ​អ្នក​តាមការ​ផ្តល់ចំណុច​គន្លឹះ​ដូច​ខាងក្រោម​៖…

ដើម្បី​អោយ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ និង​ដំណើរការ​ទៅ​មុខ​បាន​រលូន ​និង​រីក​ចំរើន​ទៅ​មុខជា​បន្ត​បន្ទាប់ ដៃគូអាជីវកម្ម​ដាច់ខាត​ត្រូវ​តែ​មាន​ ។ ប៉ុន្តែ​ការ​ចាប់​ដៃគូ​កសាង​អាជីវកម្ម​មួយ មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ ។

ដើម្បី​ជួយ​ជា​គំនិត​សម្រួល​ដល់​ការ​លំបាក​មួយ​នេះ កម្មវិធី​លុយ​អាច​ជួយ​អ្នក​តាមការ​ផ្តល់ចំណុច​គន្លឹះ​ដូច​ខាងក្រោម​៖

១-គោលដៅ​ដូច​គ្នា
ដៃគូ​អាជីវកម្ម​ដែល​ល្អ និងជោគជ័យ គឺ​ដាច់ខាត​ត្រូវ​តែ​ជា​អ្នក​ដែល​មាន​គោលដៅ​ដូច​គ្នា ហើយ ទស្សនៈ ​និង​យោបល់​ក៏​គួរតែ​ស្រ​ដៀង​គ្នា ។ មិនតែប៉ុណ្ណោះ​ អ្នក​និង​ដៃគូ ក៏​ត្រូវ​តែមាន​ចក្ខុវិស័យ​ស្រ​ដៀង​គ្នា​ភាគច្រើន​ផង​ដែរ ។

២-​ភាព​ស្មោះត្រង់
ក្រៅពី​មាន​ចក្ខុវិស័យ​ និង​គោលដៅ​ដូច​គ្នា ភាព​ស្មោះត្រង់​ក៏​ជា​ចំណុច​មួយ​ដែល​សំខាន់​បំផុត ពីព្រោះ បើ​ខ្វះ​ចំណុច​នេះ​នៅ​ពេល​អនាគត អំពើ​ក្បត់​អាច​នឹង​កើត​មាន​ឡើង​។ ជា​ធម្មជាតិរបស់​មនុស្ស​គ្រប់​រូប ​រមែង​មាន​ចរិតលក្ខណៈ​ផ្ទាល់ខ្លួន ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង ជោគជ័យ និង​បរាជ័យ​ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ខ្វះ​ដៃគូ​អាជីវកម្ម​ដែល​ស្មោះត្រង់បរាជ័យ​នឹង​កើត​មាន ។

៣-​បទ​ពិសោធន៍​អាជីវកម្ម
ការ​ទទួល​បាន​ដៃគូ​ដែល​មានបទពិសោធន៍​ពិត​នៅ​ក្នុង​អាជីវកម្ម ជា​ស្នូល​មួយ​ដ៏​សំខាន់​ក្នុង​ការ​ឈាន​ទៅ​រក​ជោគជ័យ​នៃ​អាជីវកម្ម​របស់​អ្នក ។ នៅ​ក្នុង​ករណី​យើង​មាន​អាជីវកម្ម​មួយហើយ យើង​អាច​រកបាន​ដៃគូ​ដែល​មាន​ជំនាញ​នៅ​ក្នុង​អាជីវកម្ម​នោះ​ស្រាប់ គឺ​អាច​ជួយ​គ្នា​ដោះស្រាយបញ្ហា​បាន​ច្រើន ។

៤-ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ
អ្នក​ត្រូវការ​ដៃគូ​អាជីវកម្ម​ដែល​មាន​ស្ថេ​រ​ភាព​ផ្នែក​ហិរញ្ញវត្ថុ ពីព្រោះ​ទុន​គឺជា​ហេតុផល លេខ​មួយ​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ភាគច្រើន​បរាជ័យ​។ ទុន​ក៏​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទូទៅ​បំផុត​នៃ​ការ​ឈ្លោះប្រកែក​គ្នា​រវាង​ម្ចាស់​អាជីវកម្ម ។ នៅ​ក្នុង​អាជីវកម្ម​អ្នក​និង​ដៃគូ​ដាច់ខាត​ត្រូវ​តែ​ចេះ គ្រប់​គ្រង​ហិរញ្ញវត្ថុ​អាជីវកម្ម និងបែងចែកឲ្យ​ដាច់​ស្រឡះ​រវាង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និងអាជីវកម្ម​រួម ។

៥-អ្នកមាន​លទ្ធភាព និង​ឆន្ទៈ​ក្នុង​ការ​វិនិយោគ
មិនមែន​គ្រប់​ដៃគូ​សុទ្ធតែ​មាន​សក្តានុពល​និង​មាន​ធនធាន ក្នុង​ការ​វិនិយោគ​ទាំងអស់នោះ​ឡើយ​។ ពួក​គេ​គួរតែ​មាន​ឆន្ទះ​ក្នុង​ការ​វិនិយោគ​ឱ្យ​បាន​ច្រើន​តាម​ដែល​ពួក​គេ​អាច​មាន​។ ឆ​ន្ទះ​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ពីព្រោះ​ពេល​ខ្លះ​ពេល​អាជីវកម្ម​មាន​បញ្ហា ឆ​ន្ទះ​នេះ​សំខាន់​ណាស់ ។

៦-អ្នកមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ
បុគ្គល​ដែល​មាន​ចក្ខុវិស័យ គឺជា​អ្នក​ដែល​អាច​ទទួលស្គាល់​តម្លៃ​នៃ​គំនិត​ថ្មី​ៗ ឬ​និន្នាការ​អាជីវកម្ម ហើយ​អ្នក​នោះ​រមែង​នាំ​ឲ្យ​យើង​ក្លាយជា​ច​លករយ៉ាង​សកម្ម​នៅ​ក្នុង​ការ​វិនិយោគ ។ បុគ្គល​ទាំងនោះ​អាច​ផ្តល់​អាទិភាព​ជា​គំនិត និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ជោគជ័យ​។ បុគ្គល​នេះ​ នឹង​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់​នូវ​គំនិត​មួយ ហើយ​ប្រាប់​អ្នក​ភ្លាម​ៗ​នូវ​ជំហាន​បន្ទាប់ ដែល​ចាំបាច់​ត្រូវ​អនុវត្ត​ដើម្បី​អោយ​អាជីវកម្ម​ដំណើរការ​។

៧-អ្នក​ដែល​ហ៊ាន​ប្រឈម​មុខជា​មួយ​បញ្ហា
អ្នក​ដោះស្រាយ​បញ្ហា​ល្អ គឺជា​អ្នក​ដែល​អាច​ជួយ​សន្សំ​សំចៃ​ពេលវេលា និង​ថវិកាអាជីវកម្ម​របស់​អ្នក ដោយ​ចង្អុលបង្ហាញ​ពី​បញ្ហា និង​កែ​លម្អ​ដំណើរការ​អាជីវកម្ម​ថ្មី មុន​ពេល​ពួក​គេ​ត្រូវ​បាន​អនុវត្ត ។ ការ​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​គំនិត​ដែល​កំពុង​ពិភាក្សា​គឺ​មាន​សារសំខាន់ ដូច្នេះ​ អ្នក​ដោះស្រាយ​បញ្ហា​ដ៏​ល្អ​នឹង​អាច​ដើរតួ​ជា​អ្នកតស៊ូ​មតិ​ ដើម្បី​បំបែកចំណុចខ្សោយ​នៃ​អាជីវកម្ម ។ បុគ្គល​ប្រភេទ​នេះ​ក៏​នឹង​អាច​ការពារ​អាជីវកម្ម​របស់​អ្នក​ដោយ​យកចិត្តទុកដាក់​ផង​ដែរ​។

៨-​ការ​ចែក​ភាគលាភ
មុន​ពេល​ដែល​អ្នក​ចាប់​ដៃគូ​អាជីវកម្ម អ្នក​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ចែករំលែក​ភាព​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​របស់​អ្នក​។ មិន​ថា ​អ្នក​ផ្អែក​លើ​ចំនួន​ម៉ោង ដែល​ពួក​គេ​នឹង​ចូលរួម​ចំណែក ឬ​ចំនួន​ប្រាក់​ដែល​ពួក​គេ​នឹង​ដាក់​ទុន​ទៅ​ក្នុង​អាជីវកម្ម​នោះ​ទេ អ្នក​ត្រូវ​មានគំនិត​ខ្លះ​អំពី​របៀប​ដែល​អ្នក​នឹង​ចែករំលែក​អាជីវកម្ម​របស់​អ្នក​ជាមួយ​ដៃ​គូថ​របស់​អ្នក ។ អ្នក​អាច​បែងចែក​ប្រាក់​ចំណេញ​អាជីវកម្ម​តាម​មធ្យោ បាយ​ណាមួយ​ដែល​អ្នក​ចង់បាន ដរាបណា​ដៃគូ​របស់​អ្នក​យល់ព្រម​។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​សម្រេចចិត្ត​លើ​រចនាសម្ព័ន្ធ​អាជីវកម្ម​ផ្លូវការ​ជាមួយ​ដៃគូ​របស់​អ្នកជា​មុន​សិន មុន​នឹង​ធ្វើការ​សម្រេចចិត្ត​នោះ​។

៩-​កិច្ចព្រមព្រៀង
អ្នក​គួរតែ​ត្រៀមខ្លួន​ជា​លាយលក្ខណ៍អក្សរ ទោះបីជា​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ និង ចុះ ហត្ថលេខា​មិនមែន​ជា​តម្រូវការ​ផ្លូវច្បាប់​សម្រាប់​ដៃគូ​ក៏​ដោយ​។ កិច្ចព្រមព្រៀង​ជា​ឯកសារ ដែល​អាច​ការពារ​ផលប្រយោជន៍​របស់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​សម្រាប់​ជីវិត​អាជីវកម្ម​របស់​អ្នក ។

១០-ការ​ប្រឹក្សា​យោបល់
ដើម្បី​ស្វែងរក​ដៃគូ​អាជីវកម្ម​ដែល​មាន​សក្តានុពល សូម​ពិភាក្សា​ជាមួយ​គណនេយ្យករ មេធាវី ឬ​ធនាគារិក​របស់​អ្នក​។ ទាំងនេះ​គឺជា​មនុស្ស​ដែល​មាន​បណ្តាញ​ធំ​ទូលាយ ហើយ​ជា​ទូទៅ​ចង់​ឃើញ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​។ ដូច្នេះ ​ពួក​គេ​នឹង​ណែនាំ​មនុស្ស​ល្អ​ៗ​។ អ្នក​ក៏​អាច​និយាយ​ជាមួយ​មនុស្ស​នៅ​ក្នុង​សមាគម​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និង​អ្នក​បង្កើត​អាជីវកម្ម ដើម្បី​ស្វែងរក​មនុស្ស​ដែល​មានគំនិត​ដូច​គ្នា ដែល​អាច​បង្កើត​ដៃគូ​អាជីវកម្ម​ដែល​មាន​សក្តានុពល​ល្អ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ