ខេត្តកំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អជ្ញាធរក្រុង ស្រុក/ខណ្ឌ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយ និងជុំរុញឲ្យយុវជនគោលដៅមាន
ឱកាសទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក/ខណ្ឌ លោកមេឃុំ ចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំង៣ និងអ្នកពាក់ព័ន្ធនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាដោយសម្រេចបាននូវសមិទ្ធផលធំៗ និងការរីកចម្រើនលើគ្រប់វិស័យ។

ផ្អែកតាមមូលដ្ឋានបទពិសោធន៍ និងសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិការទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ដោយឈរលើអាទិភាពគន្លឹះទី១ «មនុស្ស» និងគោលដៅយុទ្ធសាស្ត្រទី៣ «សមធម៌» ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែមគ្នា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងរួមកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញ ទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា តាមរយៈការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យ ឪ្យទទួលបានការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្តុះបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបានប្រាក់ឧបត្ថមផងដែរ ។

ក្រោយពីបញ្ចប់ការសិក្សា យុវជនយើងនឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារបញ្ចៀសបាន ការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ពិសេសជំរុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស និងធានាបានធនធានមនុស្ស ដែលមានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់ ធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានអោយដឹងដែរថា ក្នុងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់មុខជំនាញរហូតដល់ទៅចំនួន ៣៨ ផ្តោតលើវិស័យចំនួន ១០ធំៗ គឺវិស័យសំណង់, វិស័យអគ្គីសនី និងថាមពល, វិស័យអេឡិចត្រូនិក, វិស័យបរិក្ខារត្រជាក់ និងកម្តៅ, វិស័យកម្មន្តសាល, វិស័យមេកានិចទូទៅ/មេកានិចរថយន្ត, វិស័យទេសចរណ៍, វិស័យសេវាកម្ម, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។

ដោយឡែក នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាមនឹងរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧និងផ្តល់ការសិក្សាដល់យុវជនចំនួន ៤២០នាក់។ ជាមួយគ្នានោះ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលទទួលបានការ បណ្តុះបណ្តាលនៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនឹងទទួលបានអត្ថប្រយោជន៍ចំនួន៧យ៉ាងពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ៖
១.សិក្សាដោយមិនបង់ថ្លៃ
២.ទទួលបានប្រាក់ឧបត្ថមប្រចាំខែចំនួន ២៨ម៉ឺនរៀល/ខែ ដោយសិក្សាពេញម៉ោង
៣.ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ។
ចែករំលែកព័តមាននេះ