ខេត្តតាកែវ ៖ ការមានវិបត្តិស៊ីជម្រៅមួយដែលគ្មាននរណាដឹង បានធ្វើឱ្យអនុរក្សពន្ធនាគារមួយរូបគិតខ្លី លើកកាំភ្លើងបាញ់ប្រល័យជីវិតរបស់ខ្លួននៅលើប៉មយាមដែលមានកំពស់ប្រមាណ១៥ម៉ែត្រនៃពន្ធនាគារខេត្តតាកែវ ។ នេះជាការធ្វើអត្តឃាតដែលកម្រកើតមាន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលដែលធ្វើអត្តឃាតនេះគឺអនុរក្សពន្ធនាគាររូបនេះ និងមិត្តភក្តិបានទិញស្រាយកទៅផឹកនៅលើប៉មយាមតែ២នាក់ ហើយបានប្រើល្បិចឱ្យមិត្តភក្តិរបស់ខ្លួនចុះមកក្រោម ដើម្បីទិញស្រាផឹកបន្តទៀត ។ លុះមានឱកាស ក៏លើកកាំភ្លើងAK បាញ់ចំសៀតផ្កាខ្លួនឯងផ្នែកខាងស្តាំ១គ្រាប់ស្លាប់ភ្លាមនៅនឹងកន្លែង ។
ហេតុការណ៍នេះបានកើតឡើងនៅលើប៉មយាមជ្រុងខាងលិចពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២១ ឧសភា វេលាម៉ោង៣ និង៣០នាទី ។ ប្រភពព័ត៌មានពីមន្ត្រីប៉េអឹមក្រុងដូនកែវបានឱ្យដឹងថា អនុរក្សពន្ធនាគារដែលបាញ់សម្លាប់ខ្លួនឯងនេះ ឈ្មោះមៀច រុនភីរម្យ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំបក់ ឃុំគោកព្រិច ស្រុកគិរីវង់ បានយកកាំភ្លើង AK បត់បាញ់លើសៀតផ្កាខាងស្តាំ១គ្រាប់ ។
ប្រភពដដែលបានបន្តទៀតថា អនុរក្សពន្ធនាគារដែលធ្វើអត្តឃាតនេះជាកូនប្រុសរបស់លោកនាយកក្រឡាបញ្ជីនៃសាលាដំបូងខេត្ត។តាមការស្រាវជ្រាវទៅ មន្ត្រីពន្ធនាគារខេត្តដែលធ្វើការជាមួយបានលួចប្រាប់ថា បណ្តាលមកពីតូចចិត្តនឹងលទ្ធផលការងារ ដែលអ្នកខ្លះនិយាយថា មកពីខឹងគេកាត់ប្រាក់ខែ ។ ទោះបីជាបែបណា មិនដឹងថា វិបត្តិនៃការសម្លាប់ខ្លួននេះ បណ្តាលមកពីអ្វីពិតប្រាកដនោះទេ ព្រោះអ្នកធ្វើអត្តឃាតមិនបានបន្សល់ទុកសំបុត្រសម្រាប់ជាការលាតត្រដាងនូវការពិតប្រាប់គេឱ្យដឹងឡើយ ។ ការពិនិត្យសពរហូតដល់វេលាម៉ោង៦ល្ងាច ទើបសពត្រូវបានដាក់ចុះមកក្រោមប្រគល់ឱ្យខាងក្រុមគ្រួសារដឹកតាមរថយន្តពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរបស់ខ្លួន ។
ទាក់ទិននឹងមន្ត្រីពន្ធនាគារមានវិបត្តិបាញ់សម្លាប់ខ្លួនឯងទាំងវ័យក្មេងនេះកោះសន្តិភាព បានទូរស័ព្ទសុំការបំភ្លឺពីលោកគង់ ស៊ីថា ប្រធានស្តីទីពន្ធនាគារខេត្តបាននិយាយថា មន្ត្រីដែល បាញ់សម្លាប់ខ្លួននេះជាមន្ត្រីថ្មី ទើបតែចូល ។ លោកនិយាយយ៉ាងខ្លីថា លោកនៅឆ្ងាយណាស់រវល់ណាស់គ្មានពេលនិយាយទេ រួចក៏បិទទូរស័ព្ទទាំងតក់ក្រហល់ទៅ រកសួរនាំរឿងអ្នកកាត់ប្រាក់ខែមិនទាន់សោះ ប្រញាប់បិទពេក ៕
ចែករំលែកព័តមាននេះ