ខេត្តបាត់ដំបង ៖ ក្រោយចូលប្រឡូកក្នុងសង្គ្រាមក្មេងទំនើងយ៉ាងឃោរឃៅ បណ្ដាលឲ្យភាគីម្ខាងស្លាប់ម្នាក់ ក្រុមជនដៃដល់ដែលសមត្ថកិច្ចកំណត់បានមានចំនួន០៤នាក់ បានព្យាយាមរត់គេចខ្លួន តែពេលនេះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ហើយ កាលពីរសៀលថ្ងៃទី២៣ វិច្ឆិកា ដែលជនម្នាក់នេះរត់ទៅសំងំលាក់ខ្លួន នៅភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម សុវ៉ាត់ ហៅតូច អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ។ ជននេះ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ ស្រុកបវេល និងស្រុកកំរៀង ដែលមានកិច្ចសហការពីកម្លាំងបង្ការបង្ក្រាបនៃស្នងការផង ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ធ្វើការស្រាវជ្រាវរហូតបង្ក្រាបបាន រីឯបក្សពួកក្រុមនេះចំនួន០៣នាក់ទៀតកំពុងរត់ចោលស្រុក ។

លោក ឈឿង គឹមសុង ស្នងការរង ដែលដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ បានឲ្យដឹងថា ជនសង្ស័យវ័យ១៦ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមបក្ខពួកចំនួន០៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន ដែលខ្លះរត់ចូលទឹកដីថៃបាត់ទៅហើយ ។ ក្រុមនេះ បានធ្វើសកម្មភាពតាមស្ទាក់កាប់ទៅលើភាគីម្ខាងទៀត ដែលមានបក្ខពួកចំនួន បណ្ដាលឲ្យស្លាប់ម្នាក់នៅក្នុងហេតុការណ៏នោះ ។

កាលពីយប់ថ្ងៃទី១០ វិច្ឆិកា ក្រុមក្មេងទំនើងទាំង០២ភាគីបានប៉ះទង្កិចគ្នាដោយហិង្សា មានកាំបិតផ្កាក់ផង កាំបិតខ្វែងផង ដេញកាប់គ្នាយ៉ាងសាហាវឃោរឃៅនៅក្នុងស្ថានីយប្រេងមួយកន្លែង នៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ។ នៅក្នុងសង្គ្រាម រវាងពួកជនអន្ធពាលទាំង០២ក្រុមនេះ ត្រូវគេកំណត់បានថា ភាគីម្ខាងមានបក្ខពួក០៤នាក់(ភាគីឈ្នះ) ជិះម៉ូតូ០២គ្រឿង រីឯភាគីម្ខាងទៀតមានបក្ខពួក០៧នាក់ជិះម៉ូតូ០៣គ្រឿង (ភាគីចាញ់ ស្លាប់ម្នាក់)។

ពួកគេបានប្រើប្រាស់កាំបិតខ្វែង និងកាំបិតផ្គាក់ដេញកាប់គ្នា តែត្រូវភាគី០៤នាក់ ដែលមានកាំបិតក្នុងដៃ ដេញកាប់គ្មានប្រណីដៃទៅលើភាគី០៧នាក់ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ លក សាវៀង ប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ដែលគួរសត្រូវកាប់ចំក្បាលមួយកាំបិតផុងលលាដ៏តែម្ដង។

ក្រោយបញ្ចប់ការប្រយុទ្ធគ្នា ភាគី០៤នាក់ដែលមានប្រៀប បាននាំគ្នាជិះម៉ូតូរត់បាត់ ខណៈភាគី០៧នាក់ ប្រឹងប្រែងនាំគ្នាដឹកជនរងគ្រោះទៅមន្ទីរពេទ្យ។ យ៉ាងណាក្ដី បើតាមលោក ឈឿង គឹមសុង ដែលដឹកនាំកម្លាំងតាមប្រមាញ់ជនសង្ស័យ បាននិយាយថា ជនសង្ស័យវ័យក្មេងដែលត្រូវឃាត់ខ្លួនខាងលើនេះ ជាអ្នកចូលរួមផ្ទាល់នៅក្នុងសង្គ្រាមក្រុមក្មេងទំនើងនេះ តែជនដៃដល់កាន់កាំបិតកាប់ប្រល័យជីវិតជនរងគ្រោះបានរត់ទៅសម្ងំក្នុងទឹកដីប្រទេសថៃ ហើយ ខណៈបក្ខពួក០២នាក់កំពុងវិលវល់សម្ងំលាក់ខ្លួននៅក្នុងស្រុកនៅឡើយ។ នេះបើតាមព័ត៏មាន ដែលលោកទទូលបាន ហើយកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួន៕



ចែករំលែកព័តមាននេះ