រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការលើកឡើងពីសមាជិកព្រឹទ្ធសភា ចំនួន២រូបមក សមាជិកព្រឹទ្ធភា ដែលចូលរួមប្រជុំបានលើកដៃអនុម័តឯកច្ឆ័ន្ទ លើលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។
ការអនុម័តច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ លើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួមពីសមាជិកព្រឹទ្ធសភា សរុប ៥៣រូប ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការថែរក្សា នូវសមិទ្ធផលនានា ដែលសម្រេចបានមកដោយលំបាក ក៏ដូចជាការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើម នីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មាន៥ជំពូក ១៤មាត្រា គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ។
តំណាងរាជរដ្ឋាភិបាល បានលើកឡើងថា ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការអនុវត្ត «គោលជំហរពង្រឹ ងប្រសិទ្ធ ភាពថវិកា» ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្ស និងលើសមត្ថភាពស្ថាប័នគឺ ការកែ-ទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល លើប្រសិទ្ធភាព និងភាពធន់ នៃសេដ្ឋកិច្ច និងសង្គម ហើយអាចប្រសិទ្ធនាមបានថា «ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងទ្រទ្រង់ ដំណើរវិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរ-ភាព ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ។
សូមរំឮកថាសេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៥ជំពូក ១៤មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៥សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់ និងលើកជាសំណួ ររួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងរាជរដ្ឋាភិបាល បានឆ្លើយបំភ្លឺ ជូនអង្គប្រជុំព្រឹទ្ធសភា រួចអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ៕
ចែករំលែកព័តមាននេះ