រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល យល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណ បង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០% ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា សូមជូនដំណឹងល្អ សម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់ យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារ ព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០% ។
ឯកឧត្តម បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ចំនួន ៩១៧ អង្គភាព ។
ជាមួយគ្នានោះដែរ ឯកឧតត្តមន្ត្រី បានអំពាវនាវដល់បងប្អូន ដែលកំពុងប្រកបអាជីវកម្ម ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយ ដែលមាន ។
ឯកឧត្តម បញ្ជាក់ថា ៖ «នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញ ប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណ បង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%» ៕

ចែករំលែកព័តមាននេះ