ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ស្ត្រី​មាន​បំផុត​លើ​លោក កើន​ទ្រព្យ​ជាង​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ

1 ឆ្នាំ មុន

បារាំង ៖ ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​បង្កើន​តួលេខ​ទ្រព្យ

បារាំង ៖ ស្ត្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​បង្កើន​តួលេខ​ទ្រព្យសម្បត្តិ​របស់​ខ្លួន បន្ទាប់​ពី​បង្កើន​ប្រាក់​ចំណូល​ប្រមាណ ១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុងឆ្នាំនេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ LADbible ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លង​ទៅ​។

ទ្រព្យសម្បត្តិ​របស់​លោកស្រី Francoise Bettencourt Meyers ជនជាតិ​បារាំង កំពុង​កើន​ឡើងជា​លំដាប់ ដោយសារ​តែ​ភាគហ៊ុន​របស់​គាត់​នៅ​ក្នុង​ក្រុមហ៊ុន​គ្រឿងសំអាង​ដ៏​ជោគជ័យ​បំផុត​មួយ​របស់​ពិភពលោក​។ សេដ្ឋិនី​វ័យ​៧០​ឆ្នាំ​រូប​នេះ គឺជា​ចៅស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន L’Oreal លោក Eugene Schueller ហើយ​បច្ចុប្បន្ន​លោកស្រី​គឺជា​អនុប្រធាន​ក្រុមហ៊ុន​យក្ស​របស់​បារាំង​មួយ​នេះ​។ លោកស្រី​បាន​កាន់កាប់​ភាគហ៊ុន ៣៣% នៅ​ក្នុង​អាជីវកម្ម​គ្រួសារ​មួយ​នេះ ហើយ​បាន​បម្រើ​ការ​ក្នុង​ក្រុមប្រឹក្សាភិបាល​ជាន់ខ្ពស់​ចាប់តាំងពី​ឆ្នាំ ១៩៩៧ មក​ម្ល៉េះ ។

នៅ​ក្នុង​នាម​ជា​កូន​តែ​មួយ​គត់​របស់​លោក Andre Bettencourt និង​លោកស្រី Liliane Bettencourt Meyers ដែល​ជា​កូន​តែ​មួយ​គត់​របស់​លោក Eugene Schueller លោកស្រី Francoise Bettencourt Meyers បាន​ទទួល​មរតក​ដ៏​មហាសាល​ពី​ម្តាយ និង​តំណែង​ជា​ស្ត្រី​មាន​ជាងគេ​បំផុត​របស់​ពិភពលោក នៅ​ពេល​ម្តាយ​របស់​គាត់​បាន​ទទួលមរណភាព​នៅ​ក្នុង​ឆ្នាំ ២០១៧ ។

យោង​តាម​ទស្សនាវដ្តី​ពាណិជ្ជកម្ម​អា​មេ​រិ​ក Forbes ទ្រព្យសម្បត្តិ​របស់​លោកស្រី Francoise Bettencourt Meyers បាន​កើន​ឡើងជា​ថ្មី​ម្តងទៀត ចាប់តាំងពី​ដើមឆ្នាំ​នេះ រហូត​ដល់ ៩២.១​ពាន់​លាន​ដុល្លារ ដែល​ពី​មុន​មាន​ត្រឹម ៨០.៥​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន L’Oreal បាន​បន្ត​មាន​ប្រៀប​ជាង​គូប្រជែង​ដោយ​មើលឃើញ​ថា តម្លៃ​ភាគហ៊ុន​កើនឡើង​យ៉ាង​ខ្លាំង​ដល់​ទៅ ២៧.០៨% ឯណោះ​។

ម៉ាក​ផលិតផល​ថែរក្សា​សម្ផស្ស ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​មួយ​នេះ បាន​រីករាយ​នឹង​ការ​កើនឡើង​ការ​លក់​សម្រាប់​ត្រីមាស​ទី​៣ ដោយសារ​តែ​កំណើន​ទូ​ទាំង​ទ្វីបអឺរ៉ុប និង​ការ​កើនឡើង​ប្រជាប្រិយភាព​នៅ​សហរដ្ឋអាមេរិក​។ កំណើន​នៃ​ទ្រព្យសម្បត្តិ​របស់​លោកស្រី Francoise Bettencourt Meyers ត្រូវ​បាន​កំណត់​ដោយ​ប្រមូលប្រាក់​ចំណូល​កាន់តែ​ច្រើន ខណៈ​ដែល L’Oreal បាន​រំពឹង​ថា នឹង​មានការ​កើនឡើង ១៤.៤% នៃ​ការ​លក់​នៅ​ទូ​ទាំង​ប្រទេស​ចិន ប៉ុន្តែ​ទោះ​យ៉ាងណា ក្រុមហ៊ុន​យក្ស​បារាំង​មួយ​នេះ បាន​ធ្លាក់​ចុះ ៤.៨% នៅ​ទូ​ទាំង​អាស៊ី​ខាងជើង ដែល​នេះ​ត្រូវ​បាន​ស្តីបន្ទោស​លើ​ការ​រឹត​បន្តឹង​ដែល​បាន​អនុវត្ត​លើ​អ្នកលក់​បន្ត​ដោយ​រដ្ឋាភិបាល​ចិន ដែល​បាន​រារាំង​អាជីវកម្ម​លក់រាយ​របស់ L’Oreal​។ ទោះ​យ៉ាងណា ពួក​គេ​នៅ​តែ​ទទួល​បាន​កំណើន ៧.៧% នៅ​ទូ​ទាំង​ចិនដីគោក​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។

L’Oreal នៅ​តែ​ជា​មហិច្ឆតា​សំខាន់​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​ទីផ្សារ​តម្លៃ ៧៨.៩​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ការ​លក់​នៅ​អឺរ៉ុប បាន​កើនឡើង ១៦.២% បូក​រួម​ជាមួយ​ការ​កើនឡើង ១១.៨% នៅ​អា​មេ​រិ​ក​ខាងជើង​។

ដោយឡែក​ចំណាត់ថ្នាក់​លេខ ២ នៃ​កំពូល​ស្ត្រី​មាន​ជាងគេ​នៅ​លើ​ពិភពលោក គឺជា​លោកស្រី Alice Walton ដែល​ជា​អ្នក​ស្នង​មរតក​របស់​ក្រុមហ៊ុន​សាជីវកម្ម​លក់រាយ​ចម្រុះ​ជាតិ​សាសន៍​របស់​អា​មេ​រិ​ក Walmart ដែល​មានទ្រព្យ​សម្បត្តិ​សរុប ៦០.៦​ពាន់​លាន​ដុល្លារ​។

ចំណាត់ថ្នាក់​លេខ ៣ គឺ​លោកស្រី Julia Koch ជាមួយនឹង​ទ្រព្យសម្បត្តិ ៥៧.៦​ពាន់​លាន​ដុល្លារ បន្ទាប់​ពី​លោកស្រី​បាន​ទទួល​មរតក​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​សាជីវកម្ម​ចម្រុះ​ជាតិ​សាសន៍​អា​មេ​រិ​ក Koch Industries ពី​ស្វាមី​លោកស្រី​គឺ​លោក David Koch ដែល​បាន​ទទួលមរណភាព​កាលពី​ឆ្នាំ ២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ