ខេត្តកំពង់ឆ្នាំង ៖ ដើមពោធិ៍យ៉ាងធំមួយដើមបានរលំសង្កត់ផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យបាក់ខូចខាតស្ទើរទាំងស្រុង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២០ ឧសភា ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះយឿន ម៉ៅ អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះសួន សាមុត អាយុ៤៣ឆ្នាំ មានកូនអាយុ១២ឆ្នាំម្នាក់ក្នុងបន្ទុកគ្រួសារ និងមានមុខរបរលក់គ្រឿងទេសបន្តិចបន្តួចនៅផ្ទះ ។ មុនពេលកើតហេតុ គ្រួសារនេះនៅផ្ទះទាំងអស់គ្នា ពេលនោះភ្លៀងចាប់ផ្តើមធ្លាក់ ហើយក៏មានអ្នករត់ម៉ូតូឌុប២នាក់ទៀតក៏បានមកជ្រកភ្លៀងដែរ ។ ពេលនោះភ្លៀងបានធ្លាក់កាន់តែខ្លាំងរហូតធ្វើឱ្យលិចថ្នល់កៅស៊ូមុខផ្ទះ ដែលមានដើមពោធិ៍យ៉ាងធំមួយដើមទំហំប្រហែល៤ឱបមនុស្សចាស់ នៅពីខាងកើតផ្ទះ ក៏បានលិចដូចគ្នានេះដែរ ។ បុរសឈ្មោះចាន់ ថន ជាទាហាន ក្រុងកំពង់ឆ្នាំង តែឆ្លៀតពេលទំនេររត់ម៉ូតូឌុប និងបានចូលជ្រកភ្លៀងនៅផ្ទះនោះដែរ បាននិយាយថា ពេលកំពុងជ្រកភ្លៀងនោះ ក៏ស្រាប់តែឃើញដើមពោធិ៍នោះទ្រេតមកបន្តិចម្តងៗ ហើយក៏រលំសង្កត់មកលើផ្ទះនោះតែម្តង ឃើញដូចនោះ គាត់ស្រែក «ដើមពោធិ៍រលំហើយ» ភ្លាមនោះគាត់បានហក់ចេញពីក្នុងផ្ទះ ចោលម៉ូតូនៅអែបផ្ទះនោះ ដើម្បីយករួចខ្លួន ។
គាត់បានឃើញដើមពោធិ៍នោះរលំគ្រាំងសង្កត់លើផ្ទះរបស់ឈ្មោះម៉ៅ បណ្តាលឱ្យបាក់មកដី ភ្លាមនោះ គាត់ និងអ្នកជិតខាងឯទៀតបានចូលទៅជួយ សំណាងណាស់ដែលមិនមានអ្នកណារងរបួស។ រូបគាត់ និងមនុស្សឯទៀតបានប្រឹងទាញមែកពោធិ៍ និងហែកជញ្ជាំងផ្ទះ ដើម្បីយកម្ចាស់ផ្ទះនោះចេញ បញ្ចៀសពីការគ្រោះថ្នាក់ ។ ផ្ទះនោះធ្វើពីឈើប្រក់ស័ង្កសី មានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ត្រូវបានខូចខាតស្ទើរទាំងស្រុង ក្រៅពីខូចខាតផ្ទះ ម៉ូតូរបស់អ្នករត់ឌុប ក៏ត្រូវខូចបន្តិចបន្តួច តែពុំមានមនុស្សណារងរបួសនោះទេ ៕
ចែករំលែកព័តមាននេះ