រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីកម្ពុជា បន្ដទទួលរងនូវផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀតក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពី ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងស្ថានភាពនេះ កម្ពុជាមិនត្រឹមប្រយុទ្ធសុខភាពសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រយុទ្ធ ក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជា សេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សាលំនឹងអាជីវកម្ម លំនឹងជីវិភាពប្រជាពលរដ្ឋ ជាដើម ទោះបីក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះជំងឺកូវីដ-១៩ និងឈានទៅបើកប្រទេសឡើងវិញ ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ទោះបីកម្ពុជា បន្ដរងនូវផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត ក៏កំពុងបន្ដកើនឡើង រាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់ ឬផ្លាស់ប្ដូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០» ។
សម្ដេចបានបន្ដថា ក្នុងន័យនេះ ដោយឈរលើស្មារតីរក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី និងគិតគូរជាសកល ព្រមទាំងអនុវត្តតាមបរិការ ក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ព្រមទាំងកំណត់ នូវអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
ជាមួយគ្នានោះដែរ សម្ដេចបានបន្ថែមថា យុទ្ធសាស្ដ្របញ្ចកោណ ប្រកាន់យកទស្សនៈ វែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្ត ជា៥ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែង ឈរលើបេសកកម្មជាប្រវត្តិសាស្ដ្រចំបងពីរ ទីមួយថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចមកបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនា នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងទីពីរកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្ដ្រប៉ុណ្ណោះទេ តែបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់ និងវិធានការជាក់ស្ដែងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៥ ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយផងដែរ ៕









ចែករំលែកព័តមាននេះ