ខេត្តក្រចេះ ៖ ករណីលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ស្រុកស្នូល ក្រចេះ ដែលដឹកនាំកម្លាំងចុះទៅកាន់វត្តអូរលុង និងបានបញ្ឈប់ការសម្តែងពាក់កណ្ដាលទីរបស់ក្រុមល្ខោនបាសាក់នាយប្រិមប្រិយ ដោយសួររកលិខិតច្បាប់អនុញ្ញាតិ រហូតដល់ព្រះគ្រូចៅអធិការវត្តអូរលុង យកលិខិតអនុញ្ញាតមកបង្ហាញជូនលោកមេប៉ុស្តិ៍ឃុំស្រែនោះ ពេលនេះដឹកនាំក្រសួងមហាផ្ទៃបាននិងតាមដានករណីនេះដោយយកចិត្តទុក និងសិក្សាព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយលើអង្គហេតុ ដើម្បីឈានទៅដល់ការធ្វើសេចក្តីសម្រេចណាមួយជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ ។ នេះបើយោងតាមការឲ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារ 60Buzz តាមរយៈប្រព័ន្ធតេឡាក្រាម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់ថា ករណីលោកមេប៉ុស្តិ៍ស្រែចារ ក្រសួងកំពុងយកចិត្តទុកដាក់តាមដាន ហេីយសិក្សា និងប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយលើកិច្ចការងារនេះ ធ្វើយ៉ាងណាឲ្យស៊ីគ្នាទៅលើអង្គហេតុដែលបានកើតឡើង ដើម្បីវិភាគនិងវាយតម្លៃ និងឈានទៅដល់ការចេញសេចក្តីជាផ្លូវការណ៍ណាមួយនាពេលដ៏ខ្លីខាងមុខនេះ ។
ជាមួយគ្នានោះ អ្នកនាំពាក្យរងរូបនេះបានថ្លែងបញ្ជាក់បន្ថែមទៀតថា ចំពោះបញ្ហានេះដែរ ក្រសួងមហាផ្ទៃក៏បានផ្តល់សិទ្ធិជាធំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលជាអាណាព្យាបាលផ្ទាល់ ។
ដោយឡែកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ ក៏បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយបានសរសេរថា មេប៉ុស្តិ៍រូបនេះ ត្រូវទទួលចំណាត់ការនិងដកចេញនាពេលខាងមុខ ប្រហែលជាមិនលើស២៤ម៉ោងឡើយ ។
លោកបានបញ្ជាក់ទៀតថា ត្រូវដកបុគ្គលរូបនេះមកខេត្ត ហើយត្រូវទទួលវិធានការវិន័យ និងវិធានការរដ្ឋបាល។ ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់បន្ថែមថា បុគ្គលរូបនេះថ្នាក់លើបានអប់រំច្រើនលើកហើយ ចំពោះការអនុវត្តន៍ការងារខុសពីគោលការណ៍រាជរដ្ឋាភិបាល ។
មហាជនជាច្រើននៅលើបណ្តាញសង្គម កំពុងទន្ទឹងរង់ចាំមើលជោគវាសនារបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែចារ តើអាចរួចផុតពីការទទួលវិន័យរបស់ថ្នាក់លើដែរឬទេ ពាក់ព័ន្ធករណីដែលលោកនាយប៉ុស្តិ៍នេះបានដឹងនាំកម្លាំងចុះទៅរករឿង និងបញ្ឈប់ការសម្តែងសិល្បៈល្ខោនបាសាក់របស់នាយប្រិមប្រិយពាក់កណ្តាលទីនៅក្នុងពិធីបុណ្យកឋិនមួយក្នុងភូមិអូរលុង ដែលស្ថិតនៅក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ៕
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ