ក្រុងប៉ោយប៉ែត ៖ ដងផ្លូវនៅតាមបន្ទាត់ព្រំដែនក្នុងស្រុកស្វាយចេកបាននិងកំពុងស្រុតខូចជាបណ្តើរៗដោយសារការដឹកធ្ងន់ៗពីរថយន្តធុនធ្ងន់ដោយគ្មានសមត្ថកិច្ចទប់ស្កាត់។ ផ្លូវតាមព្រំដែនតភ្ជាប់ពីចំណុចព្រំប្រទល់ស្រុកអូរជ្រៅឆ្ពោះទៅស្រុកថ្មពួកដោយឆ្លងកាត់ស្វាយចេកមួយខ្សែនេះ កន្លងមកការធ្វើដំណើរតាមយានយន្តមានភាពងាយស្រួល ហើយរហ័សទាន់ចិត្ត លុះមួយរយៈចុងក្រោយនេះគេឃើញដងផ្លូវត្រូវបានស្រុតខូចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាកដោយរថយន្តតូច ធំ ជាប់ផុង
ម្តងៗរាប់ម៉ោង។
កាលពីថ្ងៃទី២០ ឧសភា នៅចំណុចខាងជើងច្រកតំបន់១ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក គេឃើញរថយន្តតូចធំជាប់ទន្ទឹមគ្នាកន្លែងតែមួយបង្កការកកស្ទះរថយន្តធំតូចជាច្រើនគ្រឿង ឯអ្នកធ្វើដំណើរត្រូវរង់ចាំទីនោះទំរាំគេលើកដាក់ ឬសាងទំនិញរួច។ ផ្លូវតាមបន្ទាត់ព្រំដែនបច្ចុប្បន្នកំពុងរងការស្រុតខូចបណ្តាលមកពីរថយន្តធុនធំដឹកធ្ងន់ដូចជារថយន្តដឹកស្រូវ ហ្គាស និងទំនិញផ្សេងៗដែលឈ្មួញនាំចេញចូលទៅមកទឹកដីសៀម។ ផ្លូវតាមបន្ទាត់ព្រំដែនបច្ចុប្បន្ននេះមិនចំពោះតែក្នុងស្រុកស្វាយចេកទេ សូម្បីតែស្រុកផ្សេងៗក៏ដូចគ្នាដែរ ពិសេសក្នុងស្រុកអូរជ្រៅត្រូវរងការបំផ្លាញជាច្រើនកន្លែង ហើយការបំផ្លាញផ្លូវនោះភាគច្រើន គឺមកពីរថយន្តដឹកធុងហ្គាសធំៗបើកចេញពីតាមច្រករបៀងដែលឈ្មួញអះអាងថា ជាការនាំចេញចូលមានច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
ក្រោយពេលភ្លៀងម្តងៗប្រជាពលរដ្ឋតែងរអ៊ូរទាំថា ពួកគាត់ពិបាកក្នុងការធ្វើដំណើរណាស់។ ពួកគាត់និយាយថា បើអាជ្ញាធរ និងសមត្ថកិច្ចមិនមានវិធានការទប់ស្កាត់រថយន្តធំៗដែលធ្វើចរាចរណ៍ដឹកធ្ងន់ទេនោះ ផ្លូវតាមព្រំដែនពេលខាងមុខអាចនឹងខូចស្រុកធ្ងន់ធ្ងរលើសនេះទៅទៀត ព្រោះជារដូវវស្សាដែលមានភ្លៀងធ្លាក់ ៕
ចែករំលែកព័តមាននេះ