រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ មកនេះ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន ២ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់” និង “កម្មវិធីរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.” ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនៃ សាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជា បន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ។
ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ដែលបានជួយគាំទ្រដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នាពេលកន្លងមក ។ ជាក់ស្តែងតាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំងជាមួយទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនិងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស គ្រូបង្គោល ជំនាញ បច្ចេកទេសជាដើម ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិ វិជ្ជាជីវៈ បាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាធារណរដ្ឋឆែក ជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបបានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋឆែក នាពេលកន្លងមក ។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំសុខភាព គឺជាចំណុចអាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នេះ ដើម្បីធានា បាននូវមូលធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ ។ ទន្ទឹមនេះ ឯកឧត្តម បានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុងតំបន់រោងចក្រ ដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខមាលភាពផងដែរ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ