កូនកំលោះអាយុ៧៣ឆ្នាំ ប៉ះកូនក្រមុំអាយុ៤៧ឆ្នាំ រៀបការផ្អើលស្រុកស្ទឹងសែន (វីដេអូ)
- កំពង់ធំ
ខេត្តកំពង់ធំ ៖ ស្នេហាមិនប្រកាន់វ័យមួយគូរកំពុងតែសាងភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែលោកតាមានអាយុ៧៣ឆ្នាំ ប៉ះខាងស្រីអាយុ៤៧ឆ្នាំ កំពុងសាងការចាប់អារម្មណ៍ពេញបណ្តាញសង្គមយក្ស Tik Tok និងធ្វើឱ្យមហាជនសម្តែងការអបអរសាទរ ក្រោយពីឃើញអ្នកទាំង២អាចមើលចិត្តគ្នាត្រូវ ហើយអាចរស់នៅជាមួយគ្នាបាន បើទោះបីជាខាងប្រុសដែលជាលោកតាសក់ស្កូវ មានវ័យរៀងជ្រេបន្តិចមែនក៏ដោយ។

ប្រាកដណាស់ ពាក្យថា ស្នេហាគ្មានអ្វីមកពុះហែកបានឡើយ ពោលគឺដូចជា ស្នេហាអ្នកមេម៉ាយប៉ះលោកតាពោះម៉ាយនេះ ពិតជាផ្អែមល្ហែមដូចទឹកស្ករធ្វើឱ្យគ្រប់គ្នាចង់ដឹងចង់លឺ ទោះជាខុសវ័យអាចធ្វើជាឪពុកនិងកូនក៏ដោយ ក៏នៅតែមើលគ្នាឃើញ ហើយយកអ្វីមកបាំងក៏មិនអាចរារាំងស្នេហាមួយនេះបានឡើយ។

ក្នុងនោះផងដែរ ក៏មានមហាជនជាច្រើននាក់បាននាំគ្នាចូលធ្វើការខមិន ហើយម្នាក់ៗហាក់បីដូចជាយល់នូវមនោសញ្ចេតនាមួយមនេះ ដោយនាំគ្នាលើកឡើងថា «ក្តីសុខរបស់គាត់ មនុស្សចាស់ក៏មានបេះដូងដែលតាស»។ ខ្លះទៀតលើកឡើងថា «ខ្ញុំទើប៤២ឆ្នាំ ចឹងចាំ៥០ចាំយកក៏មិនទាន់ហួសពេលផងដែរ បើគូរគង់តែជួប»។ ចំណែកមហាជនខ្លះទៀតបានលើកឡើងថា «គូរព្រេងមិនព្រាត់មែន» និងខ្លះទៀតថា «ល្អចេះរកគូរថែរក្សាគ្នាពេលចាស់ មិនពិបាកៗកូន ព្រោះគេរវល់គ្រួសារ សូមមានសុខភាពល្អ»។

ប្រាកដណាស់ បងប្អូនមហាជនពិតជាចង់ជ្រាបហើយថា តើមូលហេតុអ្វីបានជាកូនក្រមុំ និងកូនកំលោះដែលជាតា សម្រេចចិត្តស្រឡាញ់ និងចូលរោងជ័យនោះ?
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក សែន វិនសី ដែលត្រូវជាក្មួយខាងស្រី បានប្រាប់ឱ្យដឹងថា «ស្នេហាមួយនេះ ជាស្នេហាស្ម័គ្រ ពោលគឺស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត។ ហើយពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅផ្ទះខាងស្រី ស្ថិតនៅក្នុងភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកឯផ្ទះរបស់កូនកំលោះវិញ គឺស្ថិតនៅភូមិ-ឃុំជិតគ្នា ដោយមានចម្ងាយទៅមកពុំឆ្ងាយនោះឡើយ»។

បើតាមការរៀបរាប់របស់លោក សែន វិនសី បានឱ្យដឹងបន្តថា «សម្រាប់មង្គលការមួយនេះ គ្មានការបង្ខិ.តបង្ខំនោះឡើយ ពោលគឺស្រឡាញ់គ្នាដោយចិត្ត ហើយសាច់ញាតិរបស់កូនកំលោះក៏យល់ព្រម ខាងកូនក្រមុំក៏យល់ស្រប»។
ក្នុងនោះផងដែរ បើយោងប្រភពដដែល បានប្រាប់ឱ្យដឹងទៀតថា «កូនកំលោះមានឈ្មោះ សេន អាយុ៧៣ឆ្នាំ ជាពោះម៉ាយ៥ឆ្នាំមកហើយ និងកូនក្រមុំវិញ ឈ្មោះ យឹម រ៉ឹម អាយុ៤៧ឆ្នាំ មានឈ្មោះរស់នៅជាស្ត្រីមេម៉ាយ៣ឆ្នាំដែរហើយ។ ចំពោះការដែលស្រឡាញ់គ្នា ក៏ជាការមើលថែគ្នាទៅវិញទៅមកនៅពេលចាស់ទៅរៀងៗខ្លួនផងដែរ»។

បើតាមការរៀបរាប់របស់លោក សែន វិនសី បានបន្ថែមឱ្យដឹងថា «កូនកំលោះរស់នៅជាកំលោះពោះម៉ាយ មានកូន៨នាក់ និងកូនក្រមុំវិញ ជាស្ត្រីមេម៉ាយ ដែលមានកូនចំនួន៤នាក់។ ក្នុងនោះផងដែរ កូនក្រមុំធ្វើការឱ្យគេ ចំណែកខាងប្រុស នាពេលបច្ចុប្បន្ននេះបានចូលនិវត្តន៍ហើយ»។
លោក សែន វិនសី បានបន្ថែមឱ្យដឹងទៀតថា «បើងាកទៅរឿងទឹកលុយ មាស ប្រាក់វិញ គឺគាត់ទាំង២នាក់មានរៀងៗខ្លួន ពោលគឺស្រឡាញ់គ្នាចិត្តនឹងចិត្ត ដោយមិនបានសម្លឹងមើលឃើញរឿងទ្រព្យសម្បត្តិអ្វីនោះឡើយ ស្រឡាញ់គ្នាសម្លឹងមើលឃើញការថែរក្សាគ្នាទៅវិញទៅមក»៕
ដោយ ៖ លីហួ គីមឆាយ
@kimchhaycmc ស្នេហាត្រូវគ្នា តា៧៣ឆ្នាំ ខាងស្រី៤៧
♬ original sound – MC Chhay – MC Chhay











ចែករំលែកព័តមាននេះ