ប្រទេសសិង្ហបុរី បានវ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍ក្រៅប្រទេសពេញនិយមបំផុតរបស់ភ្ញៀវទេសចរចិន នៅក្នុងការស្ទង់មតិចុងក្រោយដោយក្រុមហ៊ុនទីផ្សារឌីជីថលដែលមានមូលដ្ឋាននៅសិង្ហបុរី China Trading Desk ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមលទ្ធផលសិ្ថតិ ១៧.៥% នៃអ្នកឆ្លើយសំណួរជនជាតិចិនគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី បន្ទាប់មកដោយអឺរ៉ុប (១៤.៣%) និងកូរ៉េខាងត្បូង (១១.៤%) ម៉ាឡេស៊ីគឺជាគោលដៅពេញនិយមបំផុតទីបួនរបស់អ្នកទេសចរចិន បន្ទាប់មកគឺអូស្ត្រាលី។
របាយការណ៍បាននិយាយថាប្រទេសថៃដែលធ្លាប់ជាទិសដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិននៅក្នុងការស្ទង់មតិប្រចាំត្រីមាសទីមួយបានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី៦ ដោយមានអ្នកឆ្លើយសំណួរត្រឹមតែ ១០% ប៉ុណ្ណោះ។ ខណៈដែលវៀតណាមមិនបានបង្ហាញខ្លួនក្នុងបញ្ជីទេ បើទោះជាចិនធ្លាប់ជាប្រភពភ្ញៀវទេសចរធំជាងគេសម្រាប់ទេសចរណ៍ចូលប្រទេសក្នុងឆ្នាំ ២០១៩ ក៏ដោយ។
ការស្ទង់មតិនេះបាននិយាយថា ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ប្រទេសថៃអាចបណ្តាលមកពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនជាច្រើនដែលបង្ហាញពីតំបន់អាស៊ីអាគ្នេយ៍ថាជាគោលដៅដែលមិនមានសុវត្ថិភាព។
ប្រទេសថៃកំពុង បាត់បង់ការទាក់ទាញភ្ញៀវទេសចរចិន ជាបណ្តើរៗ ជាពិសេសបន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក្នុងក្រុងបាងកក ដែលបានសម្លាប់ជនជាតិចិនម្នាក់ និងជនបរទេសម្នាក់ទៀត។
ដោយចាត់ទុកថាជាកន្លែងសុវត្ថិភាពបំផុតមួយរបស់ពិភពលោក សិង្ហបុរីដែលល្បីល្បាញសម្រាប់ការគ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង និងអត្រាឧក្រិដ្ឋកម្មទាប ក៏បានធ្វើឱ្យប្រទេសចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ពីអ្នកទេសចរចិន៕
ចែករំលែកព័តមាននេះ