ខេត្តកំពត ៖ ស្ត្រី២នាក់រងរបួសដោយរន្ទះបាញ់បណ្តាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួសកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៩ ឧសភា ខណៈពេលជ្រកភ្លៀងនៅក្រោមដើមស្តៅ ។ ស្ត្រីដែលស្លាប់ឈ្មោះកែវ ដាវី អាយុ២៥ឆ្នាំ និងអ្នករងរបួសធ្ងន់ ឈ្មោះជូ និមល អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
បើយោងតាមការអះអាងពីក្រុមគ្រួសារថា ស្ត្រីដែលស្លាប់ ទើបតែរៀបការមិនទាន់មានកូនទេ ឯអ្នករងរបួសធ្ងន់នៅក្រមុំ ។ អ្នកទាំង២ត្រូវជាបងថ្លៃ និងប្អូនថ្លៃ ។ នាងកែវ ដាវី មកពីមើលប្តីភ្ជួរស្រែស៊ីឈ្នួលឱ្យប្រជាពលរដ្ឋនៅភូមិព្រៃធំ ហើយពេលមេឃភ្លៀងនាង និងប្អូនថ្លៃនាំគ្នាជ្រកភ្លៀងនៅក្រោមដើមស្តៅ ក៏ត្រូវរន្ទះបាញ់តែម្តង ។ នាងជូ និមល ដែលរបួសធ្ងន់ត្រូវគេដឹកទៅកាន់គ្លីនិកឯកជនមួយនៅស្រុកបន្ទាយមាស ។
ពេលគេសែងសពនារីរងគ្រោះទៅដល់ផ្ទះដោយសារឃើញរាងកាយនៅទន់ ខ្លះក៏ដុតភ្លើងឆ្អើរ ខ្លះក៏អង្រួនដាស់ តែនាងស្លាប់បាត់ទៅហើយ ។ លើរាងកាយសពមានស្នាមជាំជាច្រើនកន្លែង ។ អ្នកភូមិនឹកអាណិតនាងកែវ ដាវី ព្រោះទើបតែរៀបការរួចបែរជាត្រូវស្លាប់បែបនេះ ។ ប៉ូលិសស្រុកបានប្រាប់ឱ្យដឹងថា នៅដើមខែឧសភា ឆ្នាំ២០១១នេះ មានពលរដ្ឋចំនួន២នាក់ស្លាប់ដោយសាររន្ទះបាញ់ ។ ចំណែកសត្វក៏ងាប់ដោយរន្ទះដែរ ជាក់ស្តែងកាលពីថ្ងៃទី១៨ ឧសភា រន្ទះបានបាញ់មេឆ្កែមួយក្បាលងាប់នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស និងមេជ្រូកមួយក្បាលត្រូវរន្ទះបាញ់សម្លាប់កាលពីពេលថ្មីៗនេះនៅក្នុងឃុំស្តេចគង់ខាងត្បូង ៕
ចែករំលែកព័តមាននេះ