ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​បង្ហាញ​មហិច្ឆតា​ចង់​ក្លាយជា​ប្រភព​ថាមពល​អគ្គិសនី​នៃ​តំបន់​អាស៊ី​អាគ្នេយ៍

8 ខែ មុន

ប្រទេស​ឡាវ ៖ ប្រទេស​ឡាវ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី​ទៅ​កាន់​

ប្រទេស​ឡាវ ៖ ប្រទេស​ឡាវ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី​ទៅ​កាន់​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ ដោយ​ក្តី​សង្ឃឹម​នឹង​ក្លាយជា​ប្រភព​ថាមពល​អគ្គិសនី​របស់​អាស៊ី​អាគ្នេយ៍ នា​ពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Vietnamplus ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ថាមពល និង​រ៉ែ​ប្រទេស​ឡាវ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​មាន​រោងចក្រ​ថាមពល​ចំនួន ៩៤​កន្លែង និង​វា​រី​អគ្គិសនី​ចំនួន ៨១​កន្លែង ដែល​មាន​សមត្ថភាព​ដំឡើង​ថាមពល​សរុប​ជាង ១១,៦០០​មេ​ហ្គា​វ៉ា​ត់​។ នៅ​ឆ្នាំ ២០២២ ការ​នាំ​ចេញ​អគ្គិសនី​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជាង ២.៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ប្រទេស​ឡាវ ខណៈ​ដែល​ប្រទេស​នេះ​ចំណាយ​ត្រឹមតែ​ជាង 40​លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​នាំ​ចូល​អគ្គិសនី​។

បច្ចុប្បន្ន​ឡាវ​បាន​លក់​អគ្គិសនី​ទៅ​កាន់​ប្រទេស​ចំនួន ៦ គឺ​ប្រទេស​ថៃ ចិន មី​យ៉ា​ន់​ម៉ា វៀតណាម កម្ពុជា និង​សិង្ហ​បុរី​។ នា​ពេល​ខាង​មុខ ប្រទេស​ឡាវ​នឹង​បន្ត​ការ​ចរចា​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ជ្រើសរើស​អភិវឌ្ឍ​ប្រភព​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គុណភាព​ល្អ ការ​វិនិយោគ​ទាប និង​ភាព​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​និន្នាការ​បច្ចុប្បន្ន​។

បច្ចុប្បន្ន​វា​រី​អគ្គិសនី​មាន​ប្រហែល ៧០% នៃ​ការ​ផលិត​ថាមពល​អគ្គិសនី​សរុប​នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​ប្រទេស​នេះ​មាន​គម្រោង​លើ​ការ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ខ្យល់​នៅ​លើគោក​ចំនួន ១០ ដែល​មាន​សមត្ថភាព​ផលិត​សរុប​ចំនួន ៣.៦​ជី​ហ្គា​វ៉ា​ត់ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​ផែនការ​។

កាលពី​ថ្មី​ៗ​នេះ ប្រទេស​ឡាវ​បាន​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ដំបូង​នៃ​គម្រោង​ថាមពលខ្យល់​ដែល​មាន​កម្លាំង ៦០០​មេ​ហ្គា​វ៉ា​ត់​នៅ​ក្នុងស្រុក ដាក ឈឿ​ង (Dak Cheung) នៃ​ខេត្ត សេ​កុង (Sekong) ដែល​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា រោងចក្រ​ថាមពលខ្យល់​ដ៏​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ទួ​រ​ប៊ី​ន​ខ្យល់​ចំនួន ១៣៣ និង​ការ​វិនិយោគ​ប៉ាន់ស្មាន​ប្រហែល ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ